(វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៨៨,៤២៦នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ៤,៣៧៤នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៤,៩៩៨,៩៧៥ករណី ក្នុងនោះមាន អ្នកស្លាប់សរុបចំនួន ៤១៥,៨៩៤នាក់ និងជាសះស្បើយឡើងសរុបចំនួន ១៤,៩៦៨,៧១៦នាក់។
គួរបញ្ជាក់ថា លោក ចូ បៃដិន បានស្បថឡើងកាន់តំណែងជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ ខែមករា រួចហើយ។ ក្រោយការស្បថឡើងកាន់តំណែង តែប៉ុន្មានម៉ោងប៉ុណ្ណោះ លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសបញ្ឈប់ដំណើរការដកសហរដ្ឋអាមេរិក ចេញពីអង្គការសុខភាពពិភពលោក (WHO)។
បន្ថែមពីនេះលោកក៏ត្រូវបានគេរាយការណ៍ផងដែរថា បានជ្រើសរើសលោក អាន់ថូនី ហ្វូស៊ី (Anthony Fauci) ជាអ្នកជំនាញកំពូលផ្នែកជំងឺឆ្លង របស់សហរដ្ឋអាមេរិកឲ្យដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការ WHO ដែលនឹងប្រព្រឹត្តិទៅនៅចុងសប្តាហ៍នេះ៕