(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកនៅប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយលោក ចូ បៃដិន ក្លាយជាប្រធានាធិបតីថ្មី បានបោះឆ្នោតទទួលស្គាល់លោកស្រី អេវរៀល ហេនស៍ (Avril Haines) សម្រាប់តំណែងជានាយកចារកម្មជាតិ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១។
ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ៨៤ ទល់នឹងសំឡេងប្រឆាំំង ១០ ដែលនាំឲ្យលោកស្រី Avril Haines ក្លាយជាមន្ត្រីក្នុងរដ្ឋបាលលោក បៃដិន ដំបូងដែលត្រូវបានអនុម័ត ឲ្យឡើងកាន់តួនាទីខាងលើនេះ។ បន្ថែមពីនេះលោកស្រី Avril Haines ក៏នឹងក្លាយស្ត្រីដំបូង ក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលឡើងកាន់តំណែងជា នាយកចារកម្មជាតិ នៅសហរដ្ឋអាមេរិកផងដែរ។
គួរបញ្ជាក់ថា លោកស្រី Avril Haines ដែលបច្ចុប្បន្នមានន័យ ៥១ឆ្នាំ ធ្លាប់បានបម្រើការងារទីប្រឹក្សារងនៃសន្តិសុខជាតិ និងជានាយករងនៃទីភ្នាក់ងារចារកម្មកណ្តាល របស់អតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា។ បើតាមការអង្កេតឃើញជាក់ស្តែង មន្ត្រីជាន់ខ្ពស់កាលពីអតីតរដ្ឋបាលលោក អូបាម៉ា ជាច្រើនរូបទៀតនឹងត្រូវធ្វើការតែងតាំង ឲ្យចូលមកបម្រើការងារក្នុងរដ្ឋបាលថ្មីរបស់ លោក ចូ បៃដិន៕