(វ៉ាស៊ីនតោន)៖ ប្រទេសចិន បានដាក់ទណ្ឌកម្មលើក្រុមមន្ត្រីជាន់ខ្ពស់ នៃរដ្ឋបាលអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជិត៣០រូប ក្នុងនោះរួមមាន ទាំងអតីតរដ្ឋមន្ត្រីការបរទេស លោក ម៉ៃក៍ ប៉ុមប៉េអូ តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពួកគេអស់អំណាច នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១។
នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយប៉ុន្មាននាទី បន្ទាប់ពីលោក ចូ បៃដិន ស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកជាផ្លូវការ ទីក្រុង ប៉េកាំង បានប្រកាសដាក់បម្រាមធ្វើដំណើរ និងការរឹតត្បិតធុរកិច្ចនានា លើលោក ប៉ុមប៉េអូ, អតីតទីប្រឹក្សាសន្តិសុខជាតិ លោក Robert O’Brien និងអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Kelly Craft។
ក្រៅពីអ្នកទាំងនេះ ចិន ក៏បានដាក់ទណ្ឌកម្មដូចគ្នានេះលើអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក ត្រាំ គឺលោក Peter Navarro, ប្រេសិតទទួលបន្ទុកកិច្ចការអាស៊ី លោក David Stilwell, អតីតរដ្ឋមន្ត្រីសុខាភិបាល លោក Alex Azar ព្រមទាំងអតីតទីប្រឹក្សាសន្តិសុខជាតិលោក John Bolton និងអ្នកជំនាញយុទ្ធសាស្ត្រ លោក Stephen Bannon ផងដែរ៕