(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន (Mike Pence) បានបន្សល់ទុកលិខិតមួយច្បាប់ ជូនលោកស្រី កាម៉ាឡា ហារីស (Kamala Harris) នៅក្នុងថ្ងៃដែលលោកស្រីត្រូវចូលរួម ពិធីស្បថឡើងកាន់តំណែងជាមួយលោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នាយប់ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ (ពេលវេលានៅភ្នំពេញ)។
ការផ្ញើលិខិតនេះ គឺត្រូវបានគេដឹងទុកជាមុនរួចទៅហើយ ខណៈលោក ដូណាល់ ត្រាំ ក៏បានសរសេរលិខិតទុកជូនលោក ចូ បៃដិន នៅមុនពេលលោក ចាកចេញពីសេតវិមានផងដែរ នៅព្រឹកថ្ងៃពុធ ទី២០ ខែមករា (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន)។ សម្រាប់លោកស្រី កាម៉ាឡា ហារីស ដែលនឹងក្លាយជាអនុប្រធានាធិបតីស្ត្រីដំបូង នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ក៏បានជួបពិភាក្សាគ្នាតាមទូរស័ព្ទផងដែរជាមួយលោក ម៉ៃក៍ ភែន កាលពីសប្តាហ៍មុន។
មិនទាន់មានការបញ្ជាក់ផ្លូវការ អំពីអត្ថន័យនៅក្នុងលិខិតរបស់ លោក ត្រាំ និងលោក ភែន នោះឡើយ ប៉ុន្តែបើតាមប្រភពមិនទាន់ផ្លូវការមួយបានបញ្ជាក់ថា លិខិតរបស់លោក ត្រាំ គឺជាលិខិតផ្ទាល់ខ្លួនលោកប៉ុណ្ណោះ ដែលមានអត្ថន័យមិនខុសពីអ្វី ដែលលោកបាននិយាយនៅក្នុងពិធីលាគ្នាឡើយ នោះគឺការបួងសួងឲ្យមានជោគជ័យសម្រាប់ប្រទេសនេះ និងសុំឲ្យរដ្ឋបាលថ្មី យកចិត្តទុកដាក់ថែរក្សាប្រទេសនេះតទៅមុខទៀត៕