(ញូដេលី)៖ អ្នកភូមិមួយក្រុមនៅក្នុងប្រទេសឥណ្ឌា បានប្រមូលផ្តុំគ្នារៀបចំពិធីអបអរសាទរជាថ្មីម្តងទៀតជូនដល់លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) ដែលនឹងត្រូវស្បថចូលកាន់តំណែងជាអនុប្រធានាធីបតីថ្មីនៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២១។
មូលហេតុដែលនាំឲ្យមានការសាទរពីសំណាក់ប្រជាជនឥណ្ឌាបែបនេះ គឺដោយសារតែលោកស្រី Harris មានជាប់ខ្សែស្រឡាយនឹងឥណ្ឌា។ ភូមិខាងលើមានឈ្មោះថា ធូឡាសិនដ្រាពូរ៉ាម (Thulasendrapuram) ដែលស្ថិតក្នុងរដ្ឋតាមិលណាឌូ (Tamil Nadu) នៃប្រទេសឥណ្ឌា គឺជាស្រុកកំណើតរបស់ជីតាលោកស្រី Harris។ ម្តាយរបស់លោកស្រី ក៏បានកើតនៅលើទឹកដីឥណ្ឌាផងដែរ មុនពេលផ្លាស់ទៅសហរដ្ឋអាមេរិក ដើម្បីសិក្សានៅសាកលវិទ្យាល័យរដ្ឋកាលីហ្វរញ៉ា (University of California)។
ក្រោយមកម្តាយលោកស្រី បានរៀបការជាមួយបុរសជនជាតិហ្សាម៉ាអ៉ីកម្នាក់ (Jamaica) ហើយបានដាក់ឈ្មោះឲ្យកូនស្រីច្បងរបស់អ្នកទាំងពីរ គឺលោកស្រី Harris ថា ខាម៉ាឡា ដែលជាពាក្យសំស្ក្រឹតមានន័យថា ផ្កាឈូក។ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០២០ អ្នករស់នៅក្នុងភូមិ ធូឡាសិនដ្រាពូរ៉ាម ក៏បានប្រារព្ធពិធីអបអរនិងជូនពរលោកស្រី Harris ផងដែរ ហើយពេលលោកស្រី និងលោក ចូ បៃដិន ឈ្នះឆ្នោត ក៏មាន ការរៀបចំពិធីសាទរដូចគ្នានៅភូមិនេះ។ ឥឡូវមុនពេលដែលលោកស្រីត្រូវស្បថចូលកាន់តំណែងជាផ្លូវការ ពួកគេក៏បានសម្តែងការរីករាយនិងជូនពរលោកស្រីដូចគ្នា។
គួរបញ្ជាក់ថា លោកស្រី Kamala Harris នឹងបង្កើតជាប្រវត្តិសាស្រ្ត តាមរយៈការក្លាយជាអនុប្រធានាធិបតីអាមេរិកដំបូងបំផុត ដែលជាស្រ្តី ហើយជាស្រ្តីស្បែកខ្មៅថែមទៀត និងមានពូជពង្សមកពីតំបន់អាស៉ីខាងត្បូង។ លោកស្រីនឹងត្រូវស្បថចូលកាន់តំណែង ជាមួយលោក បៃដិន នៅថ្ងៃពុធ ទី២០ ខែមករានេះ (ពេលវេលានៅសហរដ្ឋអាមេរិក)៕