(បរទេស)៖ កំពូលមហាសេដ្ឋីចិនលោក ជែក ម៉ា (Jack Ma) បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងវីដេអូខុនហ្វ្រិន (Video Conference) ជាមួយក្រុមគ្រូបង្រៀននៅតាមជនបទ បន្ទាប់ពីលោកត្រូវបានគេមើលឃើញថា បានបាត់ខ្លួនក្រោយការស៊ើបអង្កេត ដោយអាជ្ញាធរចិនទៅលើក្រុមហ៊ុនរបស់លោក។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយសារព័ត៌មាន Blooberg នាព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១។
វីដេអូមានរយៈពេលតែ ៣៦វិនាទីត្រូវបានបង្ហោះដោយគណនី Twitter ឈ្មោះ Qingqing_Chen ត្រូវបានបង្ហោះកាលពីវេលាម៉ោង ១១៖១០នាទីព្រឹកថ្ងៃពុធនេះតែម្តង (ម៉ោងនៅចិន) ដោយវាបង្ហាញអំពីការថ្លែងរបស់លោក Jack Ma ទៅកាន់គ្រូបង្រៀននៅជនបទ តាមរយៈ Video Conference ខណៈកំពូលមហាសេដ្ឋីចិនរូបនេះ ក៏ធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសផងដែរ។
លោក Jack Ma បាននិយាយថា ជាធម្មតាលោកតែងតែចុះទៅដោយផ្ទាល់ ដើម្បីជួបជាមួយក្រុមគ្រូបង្រៀន នៅតាមតំបន់ជនបទនៅក្នុងខេត្តដីកោះ ហៃណាន (Hainan) ភាគខាងត្បូងប្រទេសចិន ប៉ុន្តែដោយសារតែជំងឺរាតត្បាតសកល COVID-19 ទើបលោកសម្រេចចិត្ត បើកការសំណេះសំណាលនេះ តាមរយៈ Video Conference វិញ។
គួរបញ្ជាក់ថា ការបង្ហាញមុខរបស់លោក Jack Ma នៅពេលនេះ គឺជាការបំបាត់នូវពាក្យចចាមអារ៉ាម ដែលត្រូវបានអូសបន្លាយ អស់ជាច្រើនសប្តាហ៍មកហើយ ពាក់ព័ន្ធនឹងការបាត់ខ្លួនរបស់លោក ពីក្រសែភ្នែកសាធារណជន ក្រោយពីអាជ្ញាធរចិនបានបើកការស៊ើបអង្កេត ទៅលើក្រុមហ៊ុន Ant Group Co.និង Alibaba Group Holding Ltd របស់លោក៕