(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន (Joe Biden) នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានដឹកនាំពិធីគោរពវិញ្ញាណក្ខន្ធ ជូនមនុស្សជាង ៤សែននាក់ ដែលបានស្លាប់ដោយសារជំងឺរាតត្បាត ដ៏កាចសាហាវ COVID-19 នៅមុនថ្ងៃពិធីស្បថចូលកាន់តំណែងរបស់លោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១។
ពិធីគោរពវិញ្ញាណក្ខន្ធនេះ បានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវចាកចេញពីសេតវិមាន និងប្រគល់ប្រទេសដែលកំពុងមានវិបត្តិនេះ ទៅឲ្យប្រធានាធិបតីជាប់ឆ្នោតអាណត្តិថ្មី។ ពិធីនេះដឹកនាំដោយលោក Biden និងអនុប្រធានាធិបតីជាប់ឆ្នោតលោកស្រី កាម៉ាឡា ហារីស (Kamala Harris) មកពីមូលដ្ឋាននៃវិមានអនុស្សាវរីយ៍ លីនខិន (Lincoln Memorial) ក្រោយពីបានកត់សម្គាល់ជាផ្លូវការលើកដំបូង ដោយរដ្ឋាភិបាលនូវចំនួនអ្នកស្លាប់ដ៏គួរឲ្យភ្ញាក់ផ្អើល ដោយសារជំងឺឆ្លងរាតត្បាតនេះ។
លោក Biden បានគូសបញ្ជាក់នៅក្នុងសុន្ទរកថាខ្លីមួយថា «យើងត្រូវតែចងចាំ បើទោះជាពេលខ្លះ វាពិបាកក្នុងការចងចាំក៏ដោយ ប៉ុន្តែវាជាវិធីដែលយើងអាចក្រោកឈរឡើងវិញ ហើយវាពិតជាសំខាន់ណាស់ក្នុងការធ្វើវា ក្នុងនាមជាប្រជាជាតិមួយ»។
គួរបញ្ជាក់ថា ពិធីគោរពវិញ្ញាណក្ខន្ធនេះ បានប្រារព្ធឡើង ខណៈភាពងងឹតបានគ្របដណ្តប់លើរដ្ឋធានីនៃសហរដ្ឋអាមេរិក ដោយអំពូលអគ្គិសនីប្រមាណ ៤០០ ដែលស្ថិតនៅផ្នែកម្ខាងៗនៃអាងហែលទឹក ត្រូវបានបំភ្លឺឡើង ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធមនុស្សស្លាប់ចំនួនជាង ៤០០,០០០នាក់ អមដោយការសម្តែងបទចម្រៀង ហាលេលូយ៉ា (Hallelujah) ដោយតារាចម្រៀង យ៉ូឡេនដា អាដាមស៍ (Yolanda Adams) បន្ទាប់មកត្រូវបានរក្សាភាពស្ងប់ស្ងាត់មួយភ្លែត ដើម្បីរំលឹកដល់មនុស្សដែលបានស្លាប់បាត់បង់ជីវិត ដោយសារ COVID-19 ទៅហើយនោះ៕