(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកផុតអាណត្តិ លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យប្រជាជនអាមេរិកទាំងអស់ បួងសួងសុំជោគជ័យសម្រាប់រដ្ឋបាលថ្មី នៃប្រធានាធិបតីជាប់ឆ្នោត តែលោកមិនបាននិយាយឈ្មោះលោក បៃដិន សូម្បីតែមួយម៉ាត់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១។
តាមរយៈវីដេអូលាគ្នាមួយ ចេញផ្សាយនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងសប្ដាហ៍នេះ យើងនឹងស្វាគមន៍រដ្ឋបាលថ្មី ហើយសូមបួងសួងសុំជោគជ័យ ឱ្យពួកគេបន្តដឹកនាំសហរដ្ឋអាមេរិក ប្រកដដោយសុវត្ថិភាព និងភាពរុងរឿង... យើងសូមជូនពរ ហើយក៏ចង់ឱ្យពួកគេជួបតែសំណាងល្អដែរ»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នឹងមិនចូលរួមក្នុងពិធីស្បថចូលកាន់តំណែងឡើយ ដោយនៅព្រឹកម៉ោង ៨៖០០នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងនៅវ៉ាស៊ីនតោន ត្រូវនឹងយប់ថ្ងៃពុធដដែល ពេលវេលានៅភ្នំពេញ) លោកនឹងជិះយន្ដហោះពិសេស Air Force One ជាលើកចុងក្រោយចេញពីរដ្ឋធានីវ៉ាស៊ីនតោន ទៅកាន់រដ្ឋផ្ល័ររីដា។
លោក ត្រាំ បច្ចុប្បន្នត្រូវបានសភាតំណាងរាស្ត្រអាមេរិក ចោទប្ដឹងដកតំណែងជាលើកទី ២ ពីបទញុះញង់ឱ្យក្រុមអ្នកគាំទ្រ វាយប្រហារលើវិមានសភា កាលពីថ្ងៃទី០៦ ខែមករា ដែលបណ្ដាលឱ្យមនុស្ស 0៥នាក់ស្លាប់។ ប្រសិនបើព្រឹទ្ធសភាអាមេរិក យល់ព្រមដំណើរការនីតិវិធីនេះជាបន្ត ឬក៏ធ្វើការចោទប្រកាន់ ផ្លូវការណាមួយប្រឆាំងលោក ត្រាំ នោះលោកអាចនឹងត្រូវបានគេដកហូតសិទ្ធិ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតី អស់មួយជីវិតក៏ថាបាន៕