(អាហ្រិក)៖ ក្រុមគណបក្សប្រឆាំង នៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល ប្រកាសបដិសេធមិនទទួលស្គាល់ ការជាប់ឆ្នោតជាថ្មីម្តងទៀត របស់លោកប្រធានាធិបតី Faustin Archang Touadera នៅថ្ងៃអង្គារនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន AFP នៅយប់ថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។
ការប្រកាសបដិសេធនេះ ត្រូវបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីជ័យជម្នះរបស់លោក ត្រូវបានបញ្ជាក់ដោយតុលាការកំពូលរបស់ប្រទេស។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន សម្ព័ន្ធភាពនៃគណបក្សប្រឆាំងចំនួន១៥ ដែលមានឈ្មោះហៅកាត់ថា COD-2020 បាននិយាយថា ពួកគេមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះទេ ដោយលើកហេតុផលថា លោក Touadera មានអ្នគគាំទ្រតែ ១៧ភាគរយប៉ុណ្ណោះ នៃចំនួនអ្នកចុះឈ្មោះបោះ ខណៈដែលសន្លឹកឆ្នោតភាគច្រើន ត្រូវបានលួចបន្លំ និងមិនមានភាពមិនប្រក្រតី។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទកន្លងទៅនេះ តុលាការរដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល បានប្រកាសថា លោក Touadera បានជាប់ឆ្នោតជាប្រធានាធិបតីជាថ្មី ដោយទទួលបានសម្លេង ៥៣.១៦ ភាគរយ នៅក្នុងជុំទី១ កាលពីថ្ងៃទី២៧ ខែធ្នូ ខណៈដែលចំនួនអ្នកទៅបោះឆ្នោតមានត្រឹមតែ ៣២.៣៥ភាគរយប៉ុណ្ណោះ ក្នុងចំណោមអ្នក ដែលបានចុះឈ្មោះបោះឆ្នោតសរុប៕