(គួរឡាឡាំពួរ)៖ រដ្ឋមន្រ្តីក្រសួងរួបរួមជាតិរបស់ប្រទេសម៉ាឡេស៊ីលោកស្រី Halimah Mohamed Sadique តេស្តឃើញវិជ្ជមានចំពោះជំងឺ COVID-19 ខណៈដែលនេះជាសមាជិកទី៥ ហើយ នៃគណៈរដ្ឋមន្រ្តី ដែលបានឆ្លងជំងឺដ៏កាចសាហាវនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះ ក្រសួងឯកភាពជាតិបាននិយាយថា លោកស្រី Halimah Mohamed Sadique បានឆ្លងជំងឺ COVID-19។ ប៉ុន្តែទោះជាយ៉ាងណា លោកស្រី នឹងបន្តធានាថាប្រតិបត្តិការរបស់ក្រសួង នឹងដំណើរការទៅយ៉ាងរលូន ក្នុងអំឡុងពេលសម្រាកព្យាបាលជំងឺ។
សេចក្តីថ្លែងការណ៍ដដែលនេះបានសង្កត់ធ្ងន់ទៀតថា «រដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់គ្រប់ភាគីទាំងអស់ ដែលបានបួងសួងសុំឲ្យឆាប់ជាសះស្បើយសម្រាប់លោកស្រី ហើយក៏បានសុំទោសចំពោះភាពរអាក់រអួលដែលបណ្តាលមកពីការវិវត្តនេះ»។
គួរបញ្ជាក់ថា សមាជិកគណៈរដ្ឋមន្រ្តីចំនួន ៤រូបផ្សេងទៀត ក៏បានតេស្តឃើញវិជ្ជមានចំពោះជំងឺ COVID-19ផងដែរ កាលពីខែមុន ក្នុងនោះរួមមានដូចជា លោក Zahidi Zainul Abidin ជាអនុរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងនិងពហុព័ត៌មាន លោក Mustapa Mohamed រដ្ឋមន្រ្តីទទួលកិច្ចសេដ្ឋកិច្ច និងលោកស្រី Rina Mohd Harun រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងលោកHamzah Zainudin រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃប្រទេសម៉ាឡេស៊ីផងដែរ៕