(ប៉េកាំង)៖ រដ្ឋបាលផ្នែកអវកាសចិនទើបតែបានបើក ឲ្យមានការចូលរួមបោះឆ្នោតជ្រើសរើសឈ្មោះ ដើម្បីដាក់ឲ្យយានរ៉ូបូត (Rover) ដំបូងបំផុតរបស់ប្រទេសចិន ដែលនឹងត្រូវចុះ និងធ្វើប្រតិបត្តិការនៅលើផ្ទៃនៃភពអង្គារ (Mars) ក្នុងពេលឆាប់ៗខាងមុខ តាមរយៈបេសកកម្ម ធានវិន-១ (Tianwen-1)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។
ប្រជាជនចិនផ្ទាល់ និងមហាជននៅជុំវិញពិភពលោក អាចចូលរួមក្នុងការបោះឆ្នោតខាងលើបាន ដើម្បីជួយសម្រេចជ្រើសរើសឈ្មោះ ឲ្យយានរ៉ូបូតនៃបេសកកម្ម Tianwen-1 ចាប់ពីថ្ងៃទី២០ ខែមករា រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខ។ រដ្ឋបាលអវកាសចិននឹងជ្រើសរើសយកឈ្មោះចំនួន ០៣ ដែលទទួលបានការគាំទ្រច្រើនជាងគេ ដោយផ្អែកលើសំឡេងបោះឆ្នោតជាសាធារណៈ រួមជាមួយការយល់ឃើញរបស់ គណៈកម្មាធិការវិនិច្ឆ័យមួយ។
រដ្ឋបាលអវកាសចិនបានបញ្ចេញឈ្មោះសរុបចំនួន ១០ សម្រាប់ដាក់ឲ្យបោះឆ្នោតជ្រើសរើស។ ឈ្មោះទាំង ១០នេះ ត្រូវបានសម្រិតសម្រាំងបានកាលពីខែតុលា ឆ្នាំ២០២០ ក្រោយវាយតម្លៃលើសំណើច្រើនជាង ៣៩,០០០សំណើមកពីប្រទេស និងតំបន់ចំនួន ៣៨ ទៀតនៅទូទាំងពិភពលោក។ អ្នកចូលរួមពេលនោះមានអាយុចន្លោះពី ៧-៩៥ឆ្នាំ។
ឈ្មោះចុងក្រោយនឹងត្រូវប្រកាស នៅពេលបេសកកម្ម Tianwen-1 ចុះចតនៅលើភពអង្គារដោយជោគជ័យ ក្នុងខែកុម្ភៈខាងមុខ ។ ចិនបានចេញបេសកកម្មនេះ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ហើយរំពឹងថានឹងទៅគន្លងគោចរជុំវិញភពអង្គារនៅថ្ងៃទី១០ ខែកុម្ភៈ។ បេសកកម្ម Tianwen-1 មានយានចម្រុះជាច្រើនគ្រឿង រួមមានផ្កាយរណបសម្រាប់គោចរជុំវិញភពអង្គារ ហៅថា អូប៊ីតទ័រ (Orbiter), ជើងទម្រសម្រាប់សម្រួលការចុះ ទៅលើផ្ទៃដីភពអង្គារហៅថា ឡេនដឺ (Lander) និងគ្រឿងយន្តសម្រាប់ចល័តហៅថា រ៉ូវើ (Rover ដែលមិនទាន់មានឈ្មោះ)។
គួរបញ្ជាក់ថា ការបោះឆ្នោតពីអន្តរជាតិសម្រាប់ឈ្មោះចុងក្រោយរបស់ Rover នៃបេសកកម្ម Tianwen-1 នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ តាមរយៈវែបសាយ និង App របស់ក្រុមហ៊ុនចិន Baidu ហើយលោកអ្នកទំនងជាត្រូវចេះភាសាចិន ទើបអាចងាយស្វែងយល់៕