Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ចូ បៃដិន ជំទាស់ការដកបម្រាមធ្វើដំណើរដោយ លោក ដូណាល់ ត្រាំ ចំពោះបណ្តាប្រទេសអឺរ៉ុប និងប្រេស៊ីល ​​​​(Video inside)

19-01-2021 10:04

(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យប្រធានាធិបតីជាប់ឆ្នោតនៅអាមេរិក លោក ចូ បៃដិន បានជំទាស់ទៅនឹងសេចក្តីសម្រេចរបស់ ប្រធានាធិបតីជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ ក្នុងការលុបចោលបម្រាមការធ្វើដំណើរចូលសហរដ្ឋអាមេរិក ដែលបានអនុវត្តលើបណ្ដាប្រទេសអឺរ៉ុប និងប្រេស៊ីល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។

នៅក្នុងសារមួយបង្ហោះលើបណ្តាញសង្គម Twitter អ្នកនាំពាក្យលោក ចូ បៃដិន គឺលោកស្រី ចេន ផ្សាគី (Jen Psaki) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ផ្អែកលើយោបល់ពីក្រុមអ្នកជំនាញរបស់យើង រដ្ឋបាលថ្មីរបស់លោក បៃដិន គ្មានផែនការលុបចោលបម្រាមធ្វើដំណើរនោះទេ ព្រោះវាមិនមែនជាពេលដែលត្រូវធ្វើបែបនេះ។ យើងនឹងរឹតបន្តឹងវិធានការសុខភាពសាធារណៈ ចំពោះការធ្វើដំណើរ ដើម្បីទប់ស្កាត់ COVID-19»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយបញ្ជាឱ្យលុបចោលបម្រាម ធ្វើដំណើរចូលមកកាន់សហរដ្ឋអាមេរិក ដែលអនុវត្តលើបណ្ដាប្រទេសអឺរ៉ុប ក្នុងនោះរួមមានចក្រភពអង់គ្លេស និងប្រទេសប្រេស៊ីល ដែលពីដំបូងឡើយត្រូវបានដាក់ ដោយសារបារម្ភពីការឆ្លងរាតត្បាត COVID-19។ ការលុបចោលបម្រាមធ្វើដំណើរ នឹងត្រូវចូលជាធរមាននៅថ្ងៃទី២៦ ខែមករា ពោលគឺ ០៦ថ្ងៃបន្ទាប់ពីលោក ត្រាំ ផុតអាណត្តិជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ ខែមករានេះ៕