(មូស្គូ)៖ អ្នកការទូតកំពូលរបស់រុស្ស៊ី បាននិយាយនៅថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១នេះថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចព្រមព្រៀងរហ័សមួយ ជាមួយរដ្ឋបាលរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ចូបៃ ដិន ដើម្បីបន្តកតិកាសញ្ញាគ្រប់គ្រងអាវុធ ដែលនឹងត្រូវផុតកំណត់ ក្នុងរយៈពេលតែជាង ២សប្តាហ៍ទៀតប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។
កិច្ចពិភាក្សាជាច្រើនខែរវាង រុស្ស៊ី និងរដ្ឋបាលអាមេរិករបស់ប្រធានាធិបតីដូណាល់ ត្រាំ ស្តីពីការពន្យាពេលសន្ធិសញ្ញា New START បានទទួលរងការបរាជ័យ ក្នុងសម្របសម្រួលនូវភាពខ្វែងគំនិតគ្នា។ កិច្ចព្រមព្រៀងនេះ នឹងផុតកំណត់នៅថ្ងៃទី ០៥ ខែកុម្ភៈខាងមុខនេះតែម្តង។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃចន្ទនេះថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការយ៉ាងឆាប់រហ័ស ដើម្បីរក្សាកិច្ចព្រមព្រៀងនេះ។
លោក Lavrov បានមានប្រសាសន៍យ៉ាងដូច្នេះថា «អាទិភាពសំខាន់បំផុត គឺថាធ្វើយ៉ាងណាយើងអាចគ្រប់គ្រងស្ថានភាពមិនប្រក្រតីណាមួយ នៅក្នុងការគ្រប់គ្រងអាវុធ។ យើងបានលឺអំពីចេតនារបស់រដ្ឋបាលចូ ប៉ៃដិន ដើម្បីបន្តកិច្ចពិភាក្សាលើបញ្ហានេះ ហើយព្យាយាមយល់ព្រមលើការពង្រីកសន្ធិសញ្ញា New START មុនពេលវាផុតកំណត់ នៅថ្ងៃទី០៥ ខែកុម្ភៈ។ យើងកំពុងរង់ចាំសំណើជាក់លាក់ណាមួយ ខណៈដែលជំហររបស់យើង គឺត្រូវបានគេស្គាល់យ៉ាងច្បាស់»។
គួរជម្រាប សន្ធិសញ្ញា New START គឺជាកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១០ រវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ហើយនឹងត្រូវចប់សុពលភាពនៅដើមឆ្នាំ២០២១ នេះ។ សន្ធិសញ្ញានេះ មានគោលដៅគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងកាត់បន្ថយវាបន្តិចម្តងៗ ស្រមតាមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរឆ្នាំ១៩៦៨៕