(ប៉េកាំង)៖ សកម្មភាពចុងក្រោយរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ស្តីពីគោលនយោបាយការបរទេស នឹងធ្វើឲ្យស្មុគស្មាញដល់ផែនការ និងនយោបាយថ្មីៗរបស់ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Washington Post ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១។
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ប៉ុមប៉េអូ បានធ្វើការប្រកាសស្ទើរតែរាល់ថ្ងៃអំពីសកម្មភាពនយោបាយការបរទេសសំខាន់ៗដែលភាគច្រើន ត្រូវបានបង្កើតឡើង ដើម្បីពង្រឹង អាទិភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងបិទផ្លូវឆ្ពោះទៅរកគោលដៅថ្មីដែលត្រូវបានរៀបចំឡើងដោយក្រុមមន្ត្រីរបស់ ប្រធានាធិបតីជាប់ឆ្នោត លោក បៃដិន។
សេចក្ដីរាយការណ៍នោះ បានគូសបញ្ជាក់ថា ក្នុងចំណោមឧបសគ្គនានាដែលលោក Mike Pompeo បានដាក់ គឺបានបង្កផលប៉ះពាល់ដល់ប្រទេសគុយបា, ប្រទេសអ៉ីរ៉ង់ និងក្រុមឧទ្ទាមហ៊ូទី ក្នុងប្រទេសយេម៉ែន ដោយបានចោទប្រកាន់ពីបទភេរវកម្ម និងបានដកការរឹតបន្តឹងយូរអង្វែងលើទំនាក់ទំនងផ្លូវការរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយកោះតៃវ៉ាន់ជាដើម។
«រាល់ការផ្លាស់ប្តូរទាំងអស់ អាចត្រូវធ្វើមិនទាន់ហើយ។ ប៉ុន្តែវាបានធ្វើឲ្យស្មុគស្មាញដល់លោក ចូ បៃដិន ដែលនឹងត្រូវប្រឈមមុខក្នុងការបោះត្រាផ្ទាល់ខ្លួនរបស់លោកលើ គោលនយោបាយនេះ»។ នេះបើតាមសេចក្ដីរាយការណ៍របស់ Washington Post។
គួរបញ្ជាក់ថា សេចក្ដីរាយការណ៍របស់ Washington Post ក៏បានដកស្រង់សម្ដីអតីតអ្នកការទូតជាន់ខ្ពស់អាមេរិកម្នាក់ផងដែរ ដោយរូបគេនិយាយថាមានទំនោរជឿថា វាគឺជា ការជំរុញរបស់លោក ប៉ុមប៉េអូ ដែលផ្ទុយពីការគិតរបស់លោក ត្រាំ ហើយរូបគេជឿជាក់ទៀតថា លោក ប៉ុមប៉េអូ កំពុងដាក់សញ្ញាសម្គាល់ទាំងនេះជាវេទិកា នៃយុទ្ធនាការសម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ៕