(វ៉ាស៊ីនតោន)៖ ស្ថានីយ៍ទូរទស្សន៍អាមេរិក Fox News បានរាយការណ៍ថា គ្រាប់មីស៊ីលចម្ងាយឆ្ងាយដែលអ៉ីរ៉ង់បានបាញ់សាកល្បងនោះ បានធ្លាក់នៅចម្ងាយ ១០០ម៉ាយល៍ ឬ១៦០គីឡួម៉ែត្រ ប៉ុណ្ណោះពីក្រុមនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Nimitz នៅក្នុងតំបន់មហាសមុទ្រឥណ្ឌា។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១។
ទូរទស្សន៍ Fox News ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកជាច្រើននាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងបន្ទាប់ពី អ៉ីរ៉ង់ បានអះអាងថាខ្លួនបានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ កាលពីថ្ងៃសៅរ៍ម្សិលមិញ។ បើតាមយោធាអ៉ីរ៉ង់ មីស៊ីលនេះបាញ់បានចម្ងាយ ១,៨០០គីឡូម៉ែត្រ និងធ្លាក់ចំគោលដៅដែលបានរៀបចំ នៅឯផ្នែកមួយនៃភាគខាងជើងមហាសមុទ្រឥណ្ឌា។ ប៉ុន្តែ ក្រុមមន្ត្រីអាមេរិកដដែល បាននិយាយថាគ្រាប់មីស៊ីលអ៉ីរ៉ង់ មិនបានបង្កការ គំរាមកំហែងអ្វីដល់នាវាចម្បាំងអាមេរិក នោះទេ។
គួរបញ្ជាក់ថា នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Nimitz ត្រូវបានរដ្ឋបាលលោក ដូណាល់ ត្រាំ បញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា កាលពីខែមេសា ឆ្នាំ២០២០។ នាវាផ្ទុក យន្ដហោះចម្បាំងនេះដំបូងឡើយ ត្រូវបានបញ្ជាឱ្យដកចេញ តែដោយសារតែបារម្ភពីសកម្មភាពបង្ករឿងរបស់អ៉ីរ៉ង់ កាលពីថ្ងៃទី០៣ ខែមករា ដែលជាថ្ងៃខួបស្លាប់មួយឆ្នាំនៃ មេទ័ពកំពូលអ៉ីរ៉ង់លោក Qasem Soleimani សហរដ្ឋអាមេរិក បានរក្សាទុក USS Nimitz ឱ្យបន្តឈរជើង ក្នុងតំបន់ដដែល៕