(បាងកក)៖ ប្រទេសថៃ នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៣៧៤ករណីបន្ថែមទៀត ដែលក្នុងនោះភាគច្រើនត្រូវបាន រកឃើញ ក្នុងខេត្ត Samut Sakhon។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១។
បើតាមអ្នកនាំពាក្យមជ្ឍមណ្ឌលគ្រប់គ្រង COVID-19 របស់ប្រទេសថៃ លោក ថាវីស៊ីព វីសានុយោធីន (Taweesilp Visanuyothin) ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៣៧៤ករណីខាងលើ មាន៣២១ករណី ដែលក្នុងនោះមានទាំងជនបរទេស ៣១១នាក់ ត្រូវបានរកឃើញថាបានឆ្លង COVID-19 ហើយភាគច្រើននៃអ្នកទាំងនេះទៀតសោត គឺនៅក្នុងខេត្ត Samut Sakhon។ លោក បន្ថែមថា ៤៣ករណី គឺជាករណីឆ្លងនៅក្នុងស្រុក និង១០ករណីទៀត រកឃើញលើអ្នកមកពីបរទេស។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ១២,០៥៤ករណីក្នុងនោះមានអ្នកស្លាប់ ៧០នាក់ និងអ្នកជាសះស្បើយ ៩,០១៥នាក់៕