(ព្រុចសែល)៖ រដ្ឋាភិបាលនៃបណ្ដាប្រទេសអ៊ឺរ៉ុបជាច្រើនបានត្អូញត្អែរថា ភាពជឿជាក់នៃដំណើរការចែកចាយ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ពួកគេកំពុងជួបហានិភ័យ បន្ទាប់ពីក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer បានប្រកាសពីការពន្យារពេល ក្នុងការចែកចាយវ៉ាក់សាំង COVID-19 ជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១។
កាលពីដំបូងឡើយ ក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ ហ្វៃហ្សឺ-បាយអូអិនធិច (Pfizer-BioNTech) បាននិយាយថា ការចែកចាយវ៉ាក់សាំង COVID-19 កំពុងដំណើរការទៅតាមកាលវិភាគ ប៉ុន្តែក្រោយមកនៅថ្ងៃសុក្រសប្ដាហ៍នេះ ពួកគេបានប្រកាសជាថ្មីវិញថា នឹងមានផលប៉ះពាល់ជាបណ្តោះអាសន្ន ទៅលើការដឹកជញ្ជូននៅចុងខែមករា ដល់ដើមខែកុម្ភៈ ឆ្នាំ២០២១ ដោយសារតែការផ្លាស់ប្តូរដំណើរការ នៃសង្វាក់ផលិតកម្មរបស់វា ដើម្បីបង្កើនចំនួននៃការផលិត។
ឆ្លើយនឹងបញ្ហាដែលកំពុងបង្កជាក្តីព្រួយបារម្ភខាងលើនេះ បណ្តារដ្ឋមន្រ្តីសុខាភិបាល និងសង្គមកិច្ចនៃប្រទេសចំនួន ០៦ របស់សហភាពអ៊ឺរ៉ុប បានគូសបញ្ជាក់នៅក្នុងលិខិតមួយ ដែលផ្ញើទៅកាន់គណៈកម្មការអ៊ឺរ៉ុប អំពីការពន្យារពេលក្នុងការដឹកជញ្ជូនវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer ថា «ស្ថានភាពបែបនេះ គឺពិតជាមិនអាចទទួលយកបានទេ»។
បន្ថែមពីខាងលើនេះ រដ្ឋមន្ត្រីមកពីប្រទេសស៊ុយអែត, ដាណឺម៉ាក, ហ្វាំងឡង់, លីទុយអានី, ឡាតវី និងអេស្តូនី ក៏បានសង្កត់ធ្ងន់បន្ថែមផងដែរថា «វាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់កាលវិភាគ នៃកម្មវិធីចាក់វ៉ាក់សាំង ដែលបានគ្រោងទុកប៉ុណ្ណោះទេ វាថែមទាំងកាត់បន្ថយភាពជឿជាក់ នៃដំណើរការចាក់វ៉ាក់សាំងផងដែរ»។
ប្រទេសអាល្លឺម៉ង់ ដែលជាអ្នកទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុន Pfizer ធំជាងគេនៅទ្វីបអ៊ឺរ៉ុប បានហៅការសម្រេចចិត្តនេះថា ជារឿងគួរឲ្យភ្ញាក់ផ្អើល និងគួរឲ្យសោកស្តាយបំផុត ខណៈប្រទេសកាណាដាវិញបានប្រកាសថា ខ្លួនក៏រងផលប៉ះពាល់ខ្លាំងផងដែរ ព្រោះការផ្គត់ផ្គង់របស់ខ្លួន គឺចេញមកពីរោងចក្ររបស់ក្រុមហ៊ុន Pfizer នៅប្រទេសប៊ែលហ្ស៊ិក។
ប្រទេសន័រវែស និងលីទុយអានីធ្លាប់បានអះអាងថា ក្រុមហ៊ុនកំពុងកាត់បន្ថយការផ្គត់ផ្គង់ នៅទូទាំងទ្វីបអ៊ឺរ៉ុប។ រដ្ឋមន្រ្តីសុខាភិបាលលីទុយអានី លោក Arunas Dulkys បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន Reuters ថា «អ្វីដែលយើងចង់បាន គឺចង់ឲ្យក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ Pfizer-BioNTech ផ្ដល់នូវការដឹកជញ្ជូនវ៉ាក់សាំង COVID-19 របស់ពួកគេទៅតាមកាលវិភាគ ដែលបានព្រមព្រៀងគ្នាកាលពីមុនវិញ»។
ជុំវិញបញ្ហាខាងលើនេះ ប្រធានគណៈកម្មការអ៊ឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន (Ursula von der Leyen) បាននិយាយថា ក្រុមហ៊ុន Pfizer បានធានាចំពោះការដឹកជញ្ជូនតាមផែនការ ទៅដល់សហភាពអ៊ឺរ៉ុបក្នុងត្រីមាសទី ១ នឹងមិនត្រូវពន្យារពេលនោះទេ។
គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ដែលកំពុងព្យាយាមចែកចាយវ៉ាក់សាំង COVID-19 របស់ខ្លួនរាប់លានដូសក្នុងល្បឿនដ៏លឿនមួយ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត ដែលបានសម្លាប់មនុស្សជិត ២លាននាក់ហើយនោះបានឆ្លើយតបវិញថា ការផ្លាស់ប្តូរខាងលើនេះ នឹងបង្កើនសមត្ថភាពនៃការផលិតវ៉ាក់សាំង ដ៏គួរឲ្យកត់សម្គាល់មួយនៅចុងខែកុម្ភៈ និងខែមីនា ឆ្នាំ២០២១ ខាងមុខនេះ៕