(វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៤៨,០៨០នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ៣,៨០៥នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៤,១០២,៤២៩ករណី ក្នុងនោះមាន អ្នកស្លាប់សរុបចំនួន ៤០១,៨៥៦នាក់ និងជាសះស្បើយឡើងសរុបចំនួន ១៤,២២៨,៩៦៩នាក់។
គួរបញ្ជាក់ថា លោក ចូ បៃដិន ដែលនឹងត្រូវស្បថឡើងកាន់តំណែង ប្រធានាធិបតីអាមេរិក ជាផ្លូវការនៅថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ ត្រូវបានគ្រប់គ្នារំពឹងថា គោលនយោបាយរបស់លោក ក្នុងការដោះស្រាយវិបត្តិ COVID-19 នឹងអាចជួយឲ្យសហរដ្ឋអាមេរិក ងើបចេញពីវិបត្តិដ៏ខ្មៅងងឹតនេះបាន៕