Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ត្រីកាណាដា ចង់ក្លាយជាមេដឹកនាំទីមួយដែលជួប លោក ចូ បៃដិន ក្រោយការស្បថឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិក ​​​​(Video inside)

16-01-2021 09:49

(អូតាវ៉ា)៖ នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានបង្ហាញកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុត ចំពោះលោក ចូ បៃដិន ដែលនឹងត្រូវស្បថឡើងកាន់តំណែង ជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយនេះ ហើយវាក៏នឹងបិទទំព័រដឹកនាំរបស់លោក ដូណាល់ ត្រាំ ដែលរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានផ្តល់ភាពរកាំរកូស ដល់សម្ព័ន្ធមិត្តជាប់របងមួយនេះមិនតិចនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១។

លោកនាយករដ្ឋមន្ត្រីកាណាដា ដែលជាអ្នកចេញមុខមុនគេ ក្នុងការថ្លែងអបអរជ័យជម្នះរបស់លោក ចូ បៃដិន ក្រោយការបោះឆ្នោតកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នោះ នៅពេលនេះក៏រំពឹងចង់ក្លាយជាមេដឹកនាំទីមួយ ដែលនឹងត្រូវជួបលោក ចូ បៃដិន បន្ទាប់ពីការស្បថឡើងកាន់តំណែង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឆាប់ៗខាងមុខនេះផងដែរ។

លោក ចាស្ទីន ទ្រូដូ បានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មាន Reuters យ៉ាងដូច្នេះថា «ពិតប្រាកដណាស់ វាគឺជាប្រពៃណីទៅហើយ ដែលនាយករដ្ឋមន្រ្តីកាណាដា និងប្រធានាធិបតីអាមេរិក តែងតែជួបគ្នាយ៉ាងឆាប់រហ័ស ដើម្បីអាចនិយាយអំពីរឿងរ៉ាវអស្ចារ្យជាច្រើន ដែលយើងអាចធ្វើជាមួយគ្នា»

គួរបញ្ជាក់ថា ស្ថិតនៅចំពោះមុខភាពរកាំរកូសផ្នែកពាណិជ្ជកម្ម និងការទូតជាមួយមហាយក្សចិន កាណាដាពិតជានឹងត្រូវពឹងផ្អែកខ្លាំង លើរដ្ឋបាលអាមេរិកថ្មី ដែលដឹកនាំដោយលោក ចូ បៃដិន។ នៅក្នុងអាណត្តិដឹកនាំរបស់លោក ដូណាល់ ត្រាំ កាណាដា និងអាមេរិកបានជួបភាពរាំងស្ទះជាប្រវត្តិសាស្ត្រ ជាពិសេសគឺលើវិស័យពាណិជ្ជកម្ម។

បន្ថែមពីខាងលើនេះ ទំនាក់ទំនងផ្ទាល់ខ្លួនរវាងមេដឹកនាំ ប្រទេសជិតខាងទាំងពីរ ក៏មិនសូវជាល្អប៉ុន្មាននោះដែរ ដោយគេចាំបានថា កាលពីឆ្នាំ២០១៨ ក្រោយលោក ដូណាល់ ត្រាំ ត្រលប់ពីការចូលរួមកិច្ចប្រជុំ G7 ដែលត្រូវបានប្រារព្ធធ្វើឡើង នៅប្រទេសកាណាដានោះ លោកបានហៅនាយករដ្ឋមន្ត្រីកាណាដារូបនេះថា ជាមនុស្សមិនស្មោះត្រង់ និងទន់ខ្សោយ៕