Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm របស់ចិន មានសុវត្ថិភាពសម្រាប់កុមារ និងក្មេងជំទង់ ​​​​(Video inside)

15-01-2021 19:57

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ឲ្យដឹងនៅថ្ងៃសុក្រនេះថា វ៉ាក់សាំង Covid-19 ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនក្រុមជីវបច្ចេកវិទ្យាជាតិចិន (CNBG) ដែលជាក្រុមបុត្រសម្ព័ន្ធរបស់ Sinopharm គឺមានសុវត្ថិភាពសម្រាប់មនុស្សដែលមានអាយុចន្លោះពី៣ ទៅ ១៧ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន the Straitstimes នៅយប់ថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១។

លោក Yang Xiaoming ប្រធាន CNBG បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ ដោយមិនបានលម្អិតច្បាស់យ៉ាងដូច្នេះថា«គួរកត់សម្គាល់ថា ចំពោះកុមារដែលមានអាយុចន្លោះពី៣ ទៅ ៥ឆ្នាំ ដោយសារតែប្រព័ន្ធភាពស៊ាំរបស់ពួកគេ មានការវិវឌ្ឃន៍យ៉ាងឆាប់រហ័ស ដូច្នេះពួកគេគួរតែត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ នៅពេលចាក់វ៉ាក់សាំង»។

បច្ចុប្បន្ន ក្រុមហ៊ុន CNBG មានវ៉ាក់សាំង COVID-19 ចំនួនពីរ ដែលកំពុងនៅក្នុងដំណាក់កាលទី៣ នៃការតេស្តគ្លីនិក ខណៈដែលថ្នាំទាំងពីរនេះ ត្រូវបានអនុញ្ញាតិឲ្យប្រើប្រាស់ជាបន្ទាន់រួចហើយ ទៅលើក្រុមអាទិភាពដែលមានកម្រិតហានិភ័យខ្ពស់នៃការឆ្លង។ បេក្ខជនវ៉ាក់សាំង Sinovac ក៏ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ផងដែរ។

គួរបញ្ជាក់ថា វិទ្យាស្ថានជីវសាស្រ្តនៅទីក្រុងប៉េកាំង របស់ក្រុមហ៊ុនជីវបច្ចេកវិទ្យាជាតិចិន (CNBG) បាននិយាយកាលពីចុងខែធ្នូកន្លងទៅថា វ៉ាក់សាំងរបស់ CNBG ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាសាធារណៈ គឺមានប្រសិទ្ធភាព ៧៩.៣ ភាគរយ ក្នុងការការពារមនុស្សពីការឆ្លងជំងឺ COVID-19។ ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់មានការចេញផ្សាយទិន្នន័យអំពីប្រសិទ្ធភាពឲ្យលម្អិតណាមួយនៅឡើយទេ៕