(វ៉ាស៉ីនតោន)៖ ការហាត់សមប្រារព្ធពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន ដែលគ្រោងប្រព្រឹត្តទៅ នៅរដ្ឋធានីវ៉ាស៉ីនតោននាថ្ងៃអាទិត្យចុងសប្តាហ៍នេះ ត្រូវរាយការណ៍ថា បានពន្យារពេលវិញ ដោយសារបញ្ហាសន្តិសុខ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១។
កម្មវិធីហាត់សមខាងលើត្រូវគេរំពឹងថា នឹងពន្យារពេលមួយថ្ងៃ គឺត្រូវលើកទៅថ្ងៃចន្ទសប្តាហ៍ក្រោយវិញ។ ជាមួយគ្នានេះ ក្រុមការងាររបស់លោក បៃដិន ក៏បានលុបចោលផែនការធ្វើដំណើរតាមរថភ្លើងរបស់លោកនៅថ្ងៃចន្ទសប្តាហ៍ក្រោយពីទីក្រុង Wilmington នៃរដ្ឋ Delaware ទៅកាន់រដ្ឋធានីវ៉ាស៉ីនតោន ដោយសារបញ្ហាសន្តិសុខផងដែរ។ ចំណែកគម្រោងធ្វើដំណើរតាមរថភ្លើងទៅចូលរួម ពិធីស្បថឡើងកាន់តំណែងផ្លូវការនៅថ្ងៃទី២០ ខែមករា ក៏ត្រូវបានលុបចោលដូចគ្នា។
គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើងខ្លាំងនៅរដ្ឋធានីវ៉ាស៉ីនតោន មុនថ្ងៃស្បថចូលកាន់តំណែងរបស់លោក បៃដិន ចាប់តាំងពីក្រុមអ្នកគាំទ្រប្រធានាធិបតីជិតចប់អាណត្តិគឺ លោក ដូណាល់ ត្រាំ បានសម្រុកចូលលុកលុយវិមានសភាអាមេរិក កាលពីថ្ងៃទី០៦ ខែមករា និងបង្កឲ្យ មានមនុស្សមួយចំនួនស្លាប់។
អាជ្ញាធរអាមេរិកបានបង្ហាញក្តីបារម្ភថា អាចនឹងមានអំពើហិង្សាផ្ទុះឡើងនៅទូទាំងសហរដ្ឋអាមេរិក អំឡុងពិធីស្បថចូលកាន់តំណែង ខណៈកងឆ្មាំការពារជាតិអាមេរិកសរុបដល់ទៅជាង២ម៉ឺននាក់ ត្រូវដាក់ពង្រាយអំឡុងពិធីដ៏សំខាន់នេះ៕