(តែលអាវីវ)៖ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ចំនួនអ្នកទទួលបានការចាក់ វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 នៅប្រទេសអ៉ីស្រាអែលបានកើនដល់ ២លាននាក់ហើយ ខណៈនាយករដ្ឋមន្រ្តីអ៉ីស្រាអែលលោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបង្ហាញក្តីសង្ឃឹមខ្ពស់ ក្នុងការងើបចេញពីវិបត្តិជំងឺរាតត្បាតសកលនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១។
លោក Netanyahu បាននិយាយយ៉ាងដូច្នេះថា «យើងមើលឃើញហើយនូវពន្លឺ នៅឯចុងម្ខាងទៀតនៃផ្លូវដ៏ខ្មៅងងឹតនេះ» ស្របពេលដែលស្រ្តីជនជាតិអ៉ីស្រាអែលម្នាក់ បានក្លាយជាបុគ្គលទី ២លាន ដែលត្រូវបានចាក់វ៉ាក់សាំង COVID-19។ អ៉ីស្រាអែលបានបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 នៅក្នុងប្រទេសខ្លួន កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ដោយមានលោក Netanyahu ជាអ្នកទទួលការចាក់មុនគេ នូវវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech។
លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល ធ្លាប់បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ប្រទេសលោកនឹងក្លាយជាប្រទេសដំបូងគេលើពិភពលោក ដែលនឹងរួចផុតពីវិបត្តិ COVID-19។ យ៉ាងណាក្តី ក្នុងចំណោមមនុស្សខ្ទង់ ២លាននាក់ខាងលើ មានតែ ១៥០,០០០នាក់ប៉ុណ្ណោះ ដែលទទួលបានការចាក់គ្រប់ដូសគឺ ២ដូស។ អ៉ីស្រាអែលមានប្រជាជនសរុបជាង ៩លាននាក់។
គួរបញ្ជាក់ថា ខណៈអ៉ីស្រាអែលបានបង្កើនសកម្មភាពចាក់វ៉ាក់សាំងយ៉ាងក្តៅគគុក ប្រទេសមជ្ឈិមបូព៌ាមួយនេះ ក៏កំពុងប្រឈមនូវអត្រាឆ្លងប្រចាំថ្ងៃអាក្រក់ខ្លាំងផងដែរគឺ ប្រមាណ ៩,០០០នាក់ក្នុងមួយថ្ងៃ។ បច្ចុប្បន្នអ៉ីស្រាអែលកំពុងស្ថិតក្នុង វិធានការចាក់សោប្រទេសជាលើកទី ៣ ហើយបានកត់ត្រាករណីឆ្លងសរុបនៃ COVID-19 ចំនួន ៥២៣,០០០ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៨៥០នាក់៕