(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃសុក្រនេះ បានប្រកាសពីការឃើញនូវករណីឆ្លង COVID-19 ថ្មីៗច្រើនបំផុត ក្នុងរយៈពេលជាង ១០ខែកន្លងទៅនេះ ដោយសារតែការឆ្លងរាតត្បាតធ្ងន់ធ្ងរនៅឯភាគឦសានប្រទេស ដែលបានធ្វើឲ្យមនុស្សជាង២៨លាននាក់ ត្រូវស្ថិតក្រោមវិធានការរឹតត្បិត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១។

គណៈកម្មាធិការជាតិសុខាភិបាលចិន បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីឆ្លង COVID-19 ថ្មីៗចំនួន១៤៤ករណី ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈមួយថ្ងៃមុននោះគឺថ្ងៃពុធ ១៣៨ករណីត្រូវបានរាយការណ៍។ តួលេខប្រចាំថ្ងៃ ១៤៤ករណីនេះ គឺជាតួលេខខ្ពស់បំផុត គិតចាប់តាំងពីតួលេខ ២០២ករណី ដែលត្រូវបានរាយការណ៍កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០។

គណៈកម្មាធិការខាងលើបានគូសបញ្ជាក់ទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១៤៤ករណីខាងលើ ១៣៥ករណី គឺជាករណីឆ្លងក្នុងស្រុក ហើយក្នុងនោះទៀត ៩០ករណីត្រូវបានរាយការណ៍ចេញពីខេត្ត ហឺប៉ី (Hebei) ជាខេត្តដែលស្ថិតនៅព័ទ្ធជុំវិញទីក្រុងប៉េកាំង ចំណែកឯ ៤៣ករណីទៀត ត្រូវបានរាយការណ៍ចេញពីខេត្តហៃឡុងជាំង (Heilongjiang) ជាខេត្តដែលស្ថិតនៅភាគឦសាន និង ០២ករណីផ្សេងទៀត ត្រូវបានរាយការណ៍ចេញពីខេត្ត ក្វាងស៊ី (Guangxi) និងខេត្ត សានស៊ី (Shaanxi)។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រនេះ ប្រទេសចិនបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៨៧,៩៨៨ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៥នាក់ និងអ្នកជាសះស្បើយ ៨២,៣៥២នាក់៕