(វែលមីងតុន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន បានបញ្ចេញផែនការកញ្ចប់ថវិកា ១.៩ទ្រីលានដុល្លារ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយនិយាយថាការពង្រឹង ការវិនិយោគ គឺត្រូវការជាចំាបាច់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពន្លឿនការចែកចាយវ៉ាក់សាំង COVID-19 សំដៅធ្វើឱ្យជំងឺឆ្លងរាតត្បាតសកលមួយនេះ ស្ថិតនៅក្រោមការ គ្រប់គ្រង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០២០ លោក ចូ បៃដិន ធ្លាប់បានសន្យាថានឹងយកចិត្តទុកលើ COVID-19 ច្រើនជាងលោក ដូណាល់ ត្រាំ ហើយថានឹងស្នើឡើង នូវកញ្ចប់ថវិកាសង្រ្គោះ ដើម្បីឆ្លើយតបទៅនឹង COVID-19 និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។ លោក បៃដិន ដែលនឹងត្រូវស្បថឡើងកាន់តំណែងប្រធានាធិបតីអាមេរិកជាផ្លូវការ នៅថ្ងៃទី២០ ខែមករានេះ ក៏ធ្លាប់បានលើកឡើងដែរថា លោកនឹងប្រើពេល ១០០ថ្ងៃ ដើម្បីទប់ទល់ការឆ្លងរាតត្បាតវីរុសកូរ៉ូណា ក្នុងនោះមានដូចជាការតម្រូវឲ្យពាក់ម៉ាសទូទាំង ប្រទេសជាដើម។
គួរបញ្ជាក់ថា ផែនការកញ្ចប់ថវិកា ១.៩ទ្រីលានដុល្លាររបស់លោក ចូ បៃដិន ក្នុងនោះរួមមាន ៤១៥ពាន់លានដុល្លារ សម្រាប់ជំរុញសកម្មភាពឆ្លើយតបនឹង COVID-19 និងការដាក់ ឱ្យប្រើប្រាស់វ៉ាក់សាំង ខណៈ១ទ្រីលានដុល្លារ គឺប្រើប្រាស់ជាជំនួយដោយផ្ទាល់សម្រាប់ប្រជាជនអាមេរិក និង៤៤០ពាន់លានដុល្លារ សម្រាប់សហគ្រាសខ្នាតតូច និងសហគមន៍ ទាំងឡាយដែលរងគ្រោះធ្ងន់ធ្ងរដោយសារ COVID-19។
លើសពីនេះទៅទៀត តាមរយៈផែនការកញ្ចប់ថវិកានេះ ប្រាក់ឧបត្ថម្ភដល់ប្រជាជនអាមេរិក នឹងត្រូវដំឡើងពី៦០០ដុល្លារ ដល់ ១,៤០០ដុល្លារ ហើយប្រាក់ឧបត្ថម្ដសម្រាប់ ប្រជាជនអាមេរិកដែលបាត់បង់ការងារធ្វើ នឹងត្រូវដំឡើងពី៣០០ដុល្លារ ដល់៤០០ដុល្លារ ក្នុងរយៈពេលមួយសប្ដាហ៍ ដែលនឹងមានសុពលភាពដល់ខែកញ្ញា។ តែកញ្ចប់ថវិកា ទាំងនេះ នៅត្រូវការដាក់ជូនសភាទាំង២ របស់សហរដ្ឋអាមេរិក ត្រួតពិនិត្យ និងអនុម័តជាមុនសិន៕