(វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៣០,៤៥៧នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ៤,០៦៩នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៣,៨៤៨,៤១០ករណី ក្នុងនោះមាន អ្នកស្លាប់សរុបចំនួន ៣៩៧,៩៩៤នាក់ និងជាសះស្បើយឡើងសរុបចំនួន ១៤,១១២,១១៩នាក់។
គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំង COVID-19 សម្រាប់ដូសដំបូងជូនដល់ប្រជាជនខ្លួនជិត ៩លាននាក់ហើយ។ បន្ថែមពីនេះលោក ចូ បៃដិន ដែលនឹងត្រូវស្បថឡើងកាន់តំណែង ប្រធានាធិបតីអាមេរិក ជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ធ្លាប់បានលើកឡើងដែរថា លោកនឹងប្រើពេល ១០០ថ្ងៃ ដើម្បីទប់ទល់ការឆ្លងរាតត្បាតវីរុសកូរ៉ូណា ក្នុងនោះមានដូចជាការតម្រូវ ឲ្យពាក់ម៉ាសទូទាំងប្រទេសជាដើម៕