(សេអ៊ូល)៖ កងកម្លាំងនុយក្លេអ៊ែរកូរ៉េខាងជើង បានបញ្ចេញមីស៊ីលបាលីស្ទីគ (មីស៊ីលបំបាក់ក្បាលគ្រាប់នុយក្លេអ៊ែរ) បាញ់ចេញពីនាវាមុជទឹកដ៏ថ្មីសន្លាងមួយ កំឡុងពិធីព្យុហយាត្រាយោធា ក្នុងទីក្រុងព្យុងយ៉ាងកាលពីពេលថ្មីៗនេះ ដែលទំនងជាការបង្ហាញសាច់ដុំ នៅប៉ុន្មានថ្ងៃមុននឹងលោក ចូ បៃដិន ស្បថចូលកាន់តំណែង ជាប្រធានាធិបតីអាមេរិកទី ៤៦ នៅថ្ងៃទី២០ ខែមករា សប្តាហ៍ក្រោយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១។
បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNA ព្យុហយាត្រាយោធាខាងលើ ធ្វើឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅឯទីលាន គីម អ៊ីលស៊ុង បន្ទាប់ពីលោក គីម ជុងអ៊ុន បិទបញ្ចប់សមាជបក្សពលករកូរ៉េ មានរយៈពេល ០៨ថ្ងៃ កាលពីថ្ងៃអង្គារកន្លងទៅ។ KCNA បានឱ្យដឹងទៀតថា យ៉ាងហោចមានមីស៊ីលបាលីស្ទីគ ជាប្រភេទបាញ់ចេញពីនាវាមុជទឹក (SLBM)មានពណ៌ខ្មៅលាយសចំនួន ០៤គ្រាប់ ត្រូវបានសម្ញែងក្នុងព្យុហយាត្រា ខណៈអ្នកជំនាញខ្លះយល់ថា នេះគឺជាប្រភេទមីស៊ីលស៊េរីថ្មី មិនធ្លាប់បានឃើញពីមុនមក។
គួរបញ្ជាក់ថា កំឡុងសមាជបក្សពលករកូរ៉េ លោក គីម ជុងអ៊ុន បានសន្យាយ៉ាងឱឡារិកថា កូរ៉េខាងជើងនឹងបង្កើនការអភិវឌ្ឍមីស៊ីល និងអាវុធនុយក្លេអ៊ែរ ឱ្យកាន់តែមានសមត្ថភាព ដោយលោកថែមសង្កត់ធ្ងន់ផងដែរថា នេះគឺជាការឆ្លើយតប ទៅនឹងនយោបាយប្រឆាំងកូរ៉េខាងជើង របស់សហរដ្ឋអាមេរិក ដែលនឹងគ្មានការផ្លាស់ប្ដូរឡើយ បើទោះជាលោក បៃដិន ឬក៏នរណាឡើងធ្វើជាប្រធានាធិបតីអាមេរិកក៏ដោយ៕