(សៀហៃ)៖ ក្រុមហ៊ុនផលិតយន្ដហោះចិន កូម៉ាក់ (COMAC) បានឱ្យដឹងថា នឹងពង្រីកប្រតិបត្តិការពាណិជ្ជកម្ម នៃយន្ដហោះដឹកអ្នកដំណើរធុនមធ្យម ARJ21 របស់ខ្លួន ទៅកាន់ទីផ្សារក្រៅប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១។
ក្រុមហ៊ុនចិន COMAC កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុនចិន CALC (China Aircraft Leasing Group Holdings Limited) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិន CE (China Everbright Group) ស្ដីពីការលក់យន្ដហោះ ARJ21 ចំនួន ៦០គ្រឿង។ នៅក្នុងកិច្ចព្រមព្រៀងទិញ-លក់យន្ដហោះ ARJ21 នោះ ៣០គ្រឿងត្រូវបានបញ្ជាទិញរួចហើយ និង ៣០គ្រឿងទៀតស្ថិតក្នុងការពិចារណាទិញ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន CALC នឹងដាក់បង្ហាញយន្ដហោះ ARJ21 ចូលទីផ្សារអាស៊ាន ហើយបង្កើតមូលដ្ឋានប្រតិបត្តិការនៅឯនាយសមុទ្រ សម្រាប់យន្ដហោះម៉ូឌែលនេះ។
គួរបញ្ជាក់ថា ក្រុមហ៊ុន COMAC និងក្រុមហ៊ុន CALC ក៏នឹងចូលរួមជាមួយគ្នាផងដែរ ក្នុងការគាំទ្រដល់វាយលុកចូលទីផ្សារអាស៊ានសម្រាប់យន្ដហោះ ARJ21 ដោយភាគីទាំងពីរបានសន្យាថា នឹងសហការគ្នាលើការផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតផងដែរ ក្នុងនោះរួមមានការថែទាំយន្ដហោះ គ្រឿងបន្លាស់ និងហិរញ្ញវត្ថុជាដើម។ សម្រាប់ក្រុមហ៊ុនចិន COMAC ក៏កំពុងស្ថិតក្នុងការធ្វើតេស្ត អាវុធធំរបស់ខ្លួន នោះគឺយន្តហោះត្រកូល C919 ផងដែរ៕