(បាងកក)៖ នៅថ្ងៃព្រហស្បតិ៍នេះប្រទេសថៃបានរាយការណ៍ពីករណីឆ្លង COVID-19 ចំនួន ២៧១នាក់ ថែមទៀត និងករណីស្លាប់ ០២នាក់ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១។
អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ថៃបានឲ្យដឹងថា ក្នុងចំណោមករណីថ្មីៗទាំងនោះមាន ២៥៩នាក់ជាករណីឆ្លងក្នុងស្រុកផ្ទាល់ និង ១២នាក់ជាករណីនាំចូលពីក្រៅប្រទេស។ សម្រាប់អ្នកជំងឺ COVID-19 ពីរនាក់ដែលទើបបាត់បង់ជីវិតនោះ គឺម្នាក់ជាបុរសជនជាតិអង់គ្លេសវ័យ ៧១ឆ្នាំ ដែលមានជំងឺប្រចាំកាយស្រាប់ និងម្នាក់ទៀតជាបុរសជនជាតិថៃវ័យ ៥៣ឆ្នាំ ដែលមានជំងឺទឹកនោមផ្អែម។
គួរបញ្ជាក់ថា រលកទី ២ នៃការឆ្លងរាតត្បាត COVID-19 នៅក្នុងប្រទេសថៃ បានផ្ទុះឡើងកាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០ ដោយចាប់តាំងពីពេលនោះមកទល់ឥឡូវ មនុស្ស ៧,៩២៥នាក់បានឆ្លងជំងឺនេះក្នុងនោះ ០៩នាក់បានស្លាប់។ ដោយឡែក សម្រាប់តួលេខសរុបនៃករណីឆ្លង COVID-19 នៅទូទាំងប្រទេសថៃគឺបានកើនដល់ ១១,២៦២ករណី ក្នុងនោះ ៧,៦៦០នាក់បានជាសះស្បើយ និង ៦៩នាក់បានបាត់បង់ជីវិត៕