(វ៉ាស៊ីនតោន)៖ ប្រមុខដឹកនាំកំពូលផុតលេខ នៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងសមាជគណបក្សពលករកូរ៉េ កាលពីសប្ដាហ៍មុន បានលើកឡើងថា «សហរដ្ឋអាមេរិក គឺជាសត្រូវដ៏ធំបំផុត» របស់ប្រទេសលោក ហើយថាទោះបីនរណាធ្វើជាប្រធានាធិបតី ក៏នយោបាយអាមេរិកប្រឆាំងនឹងទីក្រុងព្យុងយ៉ាង នឹងមិនអាចផ្លាស់ប្តូរនោះដែរ។ 

«សកម្មភាពនយោបាយការបរទេសរបស់យើង គួរតែផ្តោត និងបង្វែរទិសដៅទៅរកការបង្ក្រាបសហរដ្ឋអាមេរិក ដែលជាសត្រូវធំបំផុត និងជាឧបសគ្គចម្បងចំពោះការអភិវឌ្ឍ ប្រកបដោយភាពច្នៃប្រឌិតរបស់យើង។ ទោះបីជានរណា នឹងត្រូវឡើងធ្វើជាប្រធានាធិបតីក៏ដោយ ក៏ធម្មជាតិពិតប្រាកដនៃនយោបាយអាមេរិក ដែលប្រឆាំងកូរ៉េខាងជើង នឹងគ្មានថ្ងៃផ្លាស់ប្តូរនោះឡើយ»។ នេះគឺជាការលើកឡើងរបស់លោក គីម ជុងអ៊ុន ជាមួយការបន្ថែមថា កូរ៉េខាងជើង កំពុងអភិវឌ្ឍសព្វាវុធថ្មីៗ ក្នុងនោះរួមមានទាំងនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ, អាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរ និងក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានសមត្ថភាពកម្ទេចប្រព័ន្ធខែលការពារមីស៊ីល។

តើការថ្លែងបែបនេះរបស់លោក គីម ជុងអ៊ុន ជាសញ្ញាមួយបង្ហាញថាកូរ៉េខាងជើងនឹងចាប់ផ្ដើមធ្វើតេស្ដមីស៊ីលអន្តរទ្វីប ICBM និងអាវុធនុយក្លេអ៊ែរឡើងវិញមែនទេ? បើតាមអ្នកជំនាញ មួយចំនួន ដូចជាលោក Lee Sung-yoon ជាសាស្ត្រាចារ្យម្នាក់សិក្សាពីកូរ៉ នៃសាកលវិទ្យាល័យ Tufts មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក សាររបស់លោក គីម មានបង្កប់ដោយចេតនា បង្ករឿងជុំវិញគោលនយោបាយនុយក្លេអ៊ែរ។ លោក Lee បន្ថែមទៀតថា វាមានលទ្ធភាពអាចទៅរួចថាលោក គីម អាចនឹងត្រឡប់ទៅរកការធ្វើតេស្ដតេស្ដមីស៊ីល ICBM និងអាវុធនុយក្លេអ៊ែរឡើងវិញ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីលោក ចូ បៃដិន ស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។ ដ្បិត ពាក្យសន្យាមិនធ្វើតេស្ដនុយក្លេអ៊ែរ រវាងលោក គីម និងលោក ដូណាល់ ត្រាំ ប្រហែលជានឹងរលាយបាត់ នៅពេលលោក ត្រាំ ចាកចេញពីសេតវិមាន។

លោក Lee Sung-yoon បានគូសបញ្ជាក់ដូច្នេះថា៖ «អ្វីដែលលោក គីម ជុងអ៊ុន បានលើកឡើង គឺជាសារផ្ញើទៅកាន់អនាគតរដ្ឋបាលថ្មីរបស់លោក ចូ បៃដិន។ កូរ៉េខាងជើង ជាទម្លាប់ តែងតែងបង្ករឿង នៅពេលរដ្ឋបាល ឬប្រធានាធិបតីអាមេរិកថ្មីចូលស្បថកាន់តំណែង។ ជាឧទាហរណ៍ ក្រោយរយៈពេលខ្លី ដែលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ស្បថចូលកាន់តំណែងកាលពីឆ្នាំ២០០៩ ទីក្រុងព្យុងយ៉ាង បានធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរនៅក្រោមដី ហើយនៅឆ្នាំដំបូងនៃអាណត្តិជាប្រធានាធិបតីរបស់លោក ត្រាំ កូរ៉េខាងជើង ក៏បានធ្វើតេស្ដមីស៊ីល ICBM ព្រមទាំងអាវុធនុយក្លេអ៊ែរដែលពួកគេហៅថា «គ្រាប់បែកអ៉ីដ្រូនសែន» ផងដែរ»

*វិបត្តនៅក្នុងស្រុក

តែទោះជាបែបនេះក្ដី អ្នកជំនាញផ្សេងទៀត យល់ថាដោយសារតែវិបត្តិនៅក្នុងស្រុកជាច្រើន ជាពិសេសគឺវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដែលបង្កឡើង COVID-19 និងទណ្ឌកម្មអន្តរជាតិ ធ្វើឱ្យ កូរ៉េខាងជើងបច្ចុប្បន្ន នៅតែស្ថិតនៅក្នុង «ស្ថានភាពគ្រោះថ្នាក់» សម្រាប់លោក គីម ក្នុងការប្រថុយធ្វើតេស្ដអាវុធនុយក្លេអ៊ែរ។ កូរ៉េខាងជើង ត្រូវបានគេរាយការណ៍ថាកំពុងប្រឈមមុខ នឹងវិបត្តិធ្ងន់ធ្ងរជាច្រើន ចាប់តាំងពីគ្រោះទុរភិក្សដ៏ប្រល័យកាលពីទសវត្សរឆ្នាំ១៩៩០មក ដែលបានផ្ដាច់ជីវិតប្រជាជនជាង ៣លាននាក់។ កាលពីខែមិថុនា ឆ្នាំ២០២០ អ្នកជំនាញ មកពីអង្គការសហប្រជាជាតិម្នាក់ បានព្រមានថាប្រជាជនកូរ៉េខាងជើង កំពុងជួបប្រទះគ្រោះទុរភិក្ស និងខ្វះខាតអាហាររូបត្ថម្ភ ស្របពេលប្រទេសដ៏ឯកោមួយនេះជាប់ទណ្ឌកម្មអន្តរជាតិ និងជួបវិបត្តិសេដ្ឋកិច្ច ក្រោយសម្រេចចិត្តបិទព្រំដែនជាមួយចិន ដើម្បីទប់ស្កាត់ COVID-19។

ជាក់ស្ដែងនៅក្នុងសុន្ទរកថាបើកសមាជបក្សពលករកូរ៉េកាលពីសប្ដាហ៍មុន លោក គីម ជុងអ៊ុនផ្ទាល់បានទទួលស្គាល់ថាផែនការសេដ្ឋកិច្ច៥ឆ្នាំរបស់លោក បានទទួលបរាជ័យស្ទើតែគ្រប់ វិស័យ ហើយកាលពីខែតុលា ឆ្នាំ២០២០ លោកគីម ក៏បានសម្រក់ទឹកភ្នែកផងដែរ ខណៈលោកអរគុណដល់ប្រជាជនកូរ៉េខាងជើង ដែលបានតស៊ូអត់ធ្មត់ប្រឈមមុខនឹងបញ្ហានិងពេលវេលាដ៏លំបាកបំផុត។

ជុំវិញបញ្ហានេះដែរ លោក Jaechun Kim ជាសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ Sogang University ក្នុងប្រទេសកូរ៉េខាងត្បូង បានសង្កត់ធ្ងន់ដូច្នេះថា៖ «កូរ៉េខាងជើងតែងតែធ្វើសកម្មភាពបង្ករឿង ដើម្បីធ្វើតេស្ដប្រតិកម្មរដ្ឋបាលអាមេរិកថ្មី។ ក៏ប៉ុន្តែ ក្នុងពេលនេះ ខ្ញុំគិតថាពួកគេនឹងមានការប្រុង ប្រយ័ត្ន និងអត់ធ្មត់ច្រើនជាងមុន ដោយសារតែស្ថានភាពដុនដាបនៃសេដ្ឋកិច្ចជាតិ»។ លោក Jaechun បន្តថា រុស្ស៊ី ជាពិសេស គឺចិនដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់កូរ៉េខាងជើង ក៏មិនចង់ឱ្យទីក្រុង ព្យុងយ៉ាង បង្ករឿងគ្មានហេតុផល ឬផ្ទុះទៅជាជម្លោះនៅលើតំបន់ឧបទ្វីបកូរ៉េនោះដែរ ព្រោះទាំងរុស្ស៊ី និងចិន សុទ្ធតែបារម្ភដូចគ្នា នោះគឺខ្លាចសហរដ្ឋអាមេរិក មានលេសដាក់ពង្រាយ ឬបញ្ជូន សព្វាអាវុធ និងកងទ័ពបន្ថែមមកកាន់តំបន់ឧបទ្វីបកូរ៉េ ដែលជាប់របងផ្ទះប្រទេសទាំង២។

*គោលនយោបាយកូរ៉េខាងជើងរបស់លោក ចូ បៃដិន
ភាពតានតឹង ឬស្ថានភាពធូរស្រាលនៅលើឧបទ្វីបកូរ៉េ គឺអាស្រ័យទៅលើគោលនយោបាយកូរ៉េខាងជើងរបស់លោក ចូ បៃដិន។ លោក ចូ បៃដិន ដែលនឹងស្បថចូលកាន់តំណែងជា ប្រធានាធិបតីអាមេរិកថ្មី នៅថ្ងៃទី២០ ខែមករានេះ ធ្លាប់បានហៅលោក គីម ជុងអ៊ុន ត្រង់ៗថាជា «ឧក្រិដ្ឋជនម្នាក់» ហើយសន្យាថាលោកនឹងមិនធ្វើដូចលោក ត្រាំ ដោយជួបជាមួយ លោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌទុកជាមុននោះទេ។ លើសពីនេះទៅទៀត លោក បៃដិន ក៏ត្រូវបានគេរំពឹងផងដែរថានឹងបង្កើនការដាក់សម្ពាធ និងទណ្ឌកម្មសេដ្ឋកិច្ច ដើម្បី បង្ខំឱ្យកូរ៉េខាងជើង បោះបង់ចោលអាវុធនុយក្លេអ៊ែរ។

ក៏ប៉ុន្តែ លោក បៃដិន នឹងចាប់ផ្ដើមអាណត្តិជាប្រធានាធិបតី ដោយមមាញឹកដោះស្រាយបញ្ហាផ្សេងក្នុងនោះមានទាំង COVID-19 និងការផ្សះផ្សាជាតិ ដែលបានបែកបាក់ខ្ទេចខ្ទាំ ក្រោយ ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ សម្រុកចូលវាយប្រហារវិមានសភា កាលពីថ្ងៃទី០៦ ខែមករានេះ ដោយបណ្ដាលឱ្យមនុស្ស ៥នាក់ស្លាប់។ ត្រង់ចំណុចនេះ មានន័យថាបើសិនជា ការបង្វែរចំណាប់អារម្មណ៍រដ្ឋបាលលោក បៃដិន ឱ្យផ្តោតទៅលើបញ្ហាផ្សេង មិនមែនជាអាទិភាពរបស់កូរ៉េខាងជើងទេ នោះទីក្រុងព្យុងយ៉ាង នឹងកាន់តែបង្កើនការអភិវឌ្ឍកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរទ្វេដង។ នេះបើតាមលោកស្រី Sue Mi Terry ជាមន្ត្រីជាន់ខ្ពស់ម្នាក់ផ្នែកកិច្ចការកូរ៉េ មកពីមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្រ្ត និងការសិក្សាអន្តរជាតិ មានមូលដ្ឋាន ក្នុងសហរដ្ឋអាមេរិក។

លោកស្រី Sue Mi Terry បានគូសបញ្ជាក់ដូច្នេះថា៖ «ដើម្បីរារាំងកូរ៉េខាងជើងពីសកម្មភាពបង្ករឿង រដ្ឋបាលលោក ចូ បៃដិន គួរតែចាត់ទុកកូរ៉េខាងជើង ជាបញ្ហាអាទិភាពមួយ ដោយ ត្រូវពិនិត្យឡើងវិញភ្លាមនូវគោលនយោបាយ ហើយធ្វើការសម្រេចចិត្តថាតើត្រូវបង្កើនការដាក់សម្ពាធ ឬត្រូវបន្តអនុវត្តកិច្ចព្រមព្រៀងដែលលោក ត្រាំ សម្រេចបានជាមួយលោក គីម ជុងអ៊ុន ដែលមិនអាចរំសាយអាវុធនុយក្លេអ៊ែរបាន តែអាចធ្វើឱ្យស្ថានភាពនៅលើឧបទ្វីបកូរ៉េ មានភាពស្ងប់ស្ងាត់»។ តែព្រមពេលជាមួយគ្នា លោកស្រី Sue Mi Terry កត់សម្គាល់ថា បើសិនជាកូរ៉េខាងជើង អាចបង្កើនសមត្ថភាពមីស៊ីល និងអាវុធនុយក្លេអ៊ែររឹតតែខ្លាំង នោះទីក្រុងព្យុងយ៉ាង នឹងកាន់តែមានទឹកមាត់ប្រៃបង្ខំឱ្យសហរដ្ឋអាមេរិក ត្រឡប់មករកតុចរចាជាថ្មី ឬក៏ផ្ដល់សម្បទានខ្លះៗ ដើម្បីបន្ធូរបន្ថយភាពតានតឹង។

គួរបញ្ជាក់ថា បច្ចប្បន្ន ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងកូរ៉េខាងជើង ហាក់ដូចជាមានភាពធូរស្រាលចំពោះកូរ៉េខាងជើង បើធៀបទៅនឹងទណ្ឌកម្មដែលទីក្រុងវ៉ាស៊ីនតោន កំពុងអនុវត្តលើអ៉ីរ៉ង់ រុស្ស៊ី ឬវេណេស៊ុយអេឡា ជាដើម។ លោក ដូណាល់ ត្រាំ ដែលមាននយោបាយទន់ភ្លន់ជាមួយកូរ៉េខាងជើង នឹងត្រូវផុតអាណត្តិ នៅថ្ងៃទី២០ ខែមករានេះ ជាពេលដែលលោក ចូ បៃដិន ស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក៕