(ញូយ៉ក)៖ ទោះបីជាទើបសម្រេចលុបចោល ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ក្តី ក៏ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ អង្គការសហប្រជាជាតិ (UN) លោកស្រី ឃែល្លី ក្រាហ្វត៍ (Kelly Craft) បានអះអាងយ៉ាងឱឡារិកថា «សហរដ្ឋអាមេរិកឈរនៅជាមួយកោះតៃវ៉ាន់ ហើយនិងរក្សាជំហរមួយនេះជានិច្ច»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១។
ការលុបចោលដំណើរទស្សនកិច្ចកាលពីថ្ងៃពុធម្សិលមិញ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសចិន ធ្វើការគំរាមខ្លាំងៗមិនធ្លាប់មាន ចំពោះអ្វីដែលទីក្រុងប៉េកាំងតែងចាត់ទុកថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើគោលនយោបាយចិនតែមួយ ដោយក្នុងនោះកោះតៃវ៉ាន់ គឺត្រឹមតែជាខេត្តមួយរបស់ចិនប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ខាងសហរដ្ឋអាមេរិកវិញបានអះអាងថា ការលុបចោលដំណើរទស្សនកិច្ចរបស់លោកស្រី Kelly Craft ទៅកាន់ទីក្រុងតៃប៉ិ ត្រូវបានធ្វើឡើងក៏ព្រោះតែក្រសួងការបរទេសអាមេរិក រវល់ត្រៀមខ្លួនសម្រាប់ពិធីស្បថឡើងកាន់តំណែង របស់លោក ចូ បៃដិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១។
ជុំវិញបញ្ហាខាងលើនេះ លោកស្រី Kelly Craft បានគូសបញ្ជាក់ថា «យើងបានធ្វើការពិភាក្សាលើរឿងជាច្រើន ក្នុងនោះកោះតៃវ៉ាន់ត្រូវបានចាត់ទុកជាគំរូមួយ នៅលើពិភពលោក ដោយយោងទៅលើភាគជោគជ័យរបស់ទីក្រុងតៃប៉ិ ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកល COVID-19»។ លោកស្រី Craft ក៏បានធ្វើការចោទប្រកាន់ចំពោះប្រទេសចិនផងដែរថា បានធ្វើឲ្យមានភាពរកាំរកូសរវាងកោះតៃវ៉ាន់ និងអង្គការសុខភាពពិភពលោក (WHO)។
គួរបញ្ជាក់ថា ប្រទេសចិនបានបង្ហាញការប្រឆាំងយ៉ាងខ្លាំងក្លា ជុំវិញដំណើរទស្សនកិច្ចជាបន្តបន្ទាប់ របស់មន្ត្រីជាន់ខ្ពស់អាមេរិកទៅកាន់កោះតៃវ៉ាន់ ហើយជាការឆ្លើយតបចិនក៏បានបញ្ជូនយន្តហោះចម្បាំង ជាច្រើនលើកឲ្យហោះឆ្វែលកោះនេះផងដែរ ដែលនាំឲ្យយោធាតៃវ៉ាន់ បង្កើនការប្រុងជើងការកម្រិតខ្ពស់។ ប្រទេសចិនបានព្រមានទៀតថា ទង្វើរបស់សហរដ្ឋអាមេរិកបែបនេះ នឹងធ្វើឲ្យទំនាក់ទំនងចិន-អាមេរិកកាន់តែយ៉ាប់យ៉ឺន៕