(ហុងកុង)៖ បណ្តាញសារព័ត៌មាននៅទីក្រុងហុងកុងបានរាយការណ៍ថា រដ្ឋាភិបាលចិនកំពុងពិចារណាចេញបម្រាមហាមអ្នករស់នៅហុងកុង ដែលកាន់លិខិតឆ្លងដែនពិសេសរបស់ចក្រភពអង់គ្លេស មិនឲ្យបម្រើការងាររដ្ឋ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១។
សារព័ត៌មានហុងកុង South China Morning Post (SCMP) នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា សំណើចំណាត់ការខាងលើ មានគោលដៅធ្វើជាការសងសឹកប្រឆាំងនឹង ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេសកាលពីឆ្នាំមុន ដែលបានបង្កើតឱកាសចូលសញ្ជាតិសម្រាប់ ប្រជាជនហុងកុងជាង១លាននាក់ ដែលកាន់លិខិតឆ្លងដែនពិសេសហៅថាកាត់ថា BNO (British National Overseas)។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងចាប់ផ្តើមទទួលពាក្យស្នើសុំចូលសញ្ជាតិ សម្រាប់ប្រជាជនហុងកុងអាចរហូតដល់២.៩លាននាក់ ដែលមានសិទ្ធិប្រើលិខិតឆ្លងដែន BNO នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។ វាជាគម្រោងដែលទីក្រុងឡុងដ៍បានប្រកាស បន្ទាប់ពីទីក្រុងប៉េកាំង បានសម្រេចដាក់ចេញច្បាប់សន្តិសុខជាតិថ្មីសម្រាប់ហុងកុង កាលពីខែមិថុនា ឆ្នាំ២០២០។ ភាគីទាំងពីរសុទ្ធតែបានចោទប្រកាន់គ្នាថា បានរំលោភលើការប្តេជ្ញាពាក់ព័ន្ធនឹងការប្រគល់ទីក្រុងហុងកុងមកទៅចិនវិញ កាលពីឆ្នាំ១៩៩៧៕