(ហុងកុង)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកហុងកុង នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ឲ្យដឹងថា ប៉ូលីសហុងកុងបានចាប់ខ្លួនមនុស្ស ១១នាក់ក្រោមបទសង្ស័យថា បានប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម ពាក់ព័ន្ធនឹងការជួយក្រុមសកម្មជន ១២នាក់ ដែលត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ង រត់ភៀសខ្លួនចេញពីទីក្រុងនេះ តាមទូកទៅកាន់កោះតៃវ៉ាន់ កាលពីឆ្នាំ២០២០កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយ ដោយសារត័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១។
បើតាមប្រព័ន្ធផ្សព្វផ្សាយហុងកុង RTHK អ្នកទាំង ១១នាក់ដែលត្រូវបានចាប់ខ្លួននោះ មានអាយុពី ១៨-៧២ឆ្នាំ ក្នុងនោះរួមមានបុរស ០៨នាក់ និងស្ត្រី ០៣នាក់។ លោក ដានីញែល វ៉ុង (Daniel Wong) ជាមេធាវីម្នាក់ដែលព្យាយាមជួយក្រុមសកម្មជនទាំង ១២នាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសចិន កាលពីខែសីហា ឆ្នាំ២០២០កន្លងទៅនេះ ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនផងដែរ។ លោក Daniel Wong បានសរសេរសារបង្ហោះនៅលើ គណនីហ្វេសប៊ុករបស់លោកថា ប៉ូលីសបានមកដល់ផ្ទះរបស់លោកនៅម៉ោង ០៦៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅហុងកុង)។
ជុំវិញបញ្ហានេះ ប៉ូលីសហុងកុងបានប្រាប់សារព័ត៌មាន Reuters ថា ពួកគេកំពុងប្រមូលព័ត៌មានបន្ថែម និងមិនអាចធ្វើការអត្ថាធិប្បាយភ្លាមៗបានទេ។ ងាកមកកាន់សារព័ត៌មាន RTHK វិញបានគូសបញ្ជាក់ថា អ្នកដែលត្រូវបានចាប់ខ្លួននោះត្រូវបានគេសង្ស័យថា បានជួយសកម្មជនប្រជាធិបតេយ្យហុងកុងទាំង ១២នាក់ដែលប្រឈមមុខនឹងការចោទប្រកាន់ ទាក់ទងនឹងបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅក្នុងទីក្រុងស្វយ័តពិសេសរបស់ចិនមួយនេះកាលពីឆ្នាំ២០១៩ ក្នុងការប៉ុនប៉ងរត់ភៀសខ្លួនតាមទូក ទៅកាន់កោះតៃវ៉ាន់កាលពីឆ្នាំ២០២០។
គួរបញ្ជាក់ថា កាលពីចុងខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ តុលាការចិនបានកាត់ទោសក្រុមសកម្មជន ១០នាក់ក្នុងចំណោម ១២នាក់ដាក់ពន្ធនាគារពី ១០ខែ ទៅ ០៣ឆ្នាំពីបទលួចឆ្លងដែនខុសច្បាប់ ក្នុងករណីមួយដែលទាក់ទាញការយកចិត្តទុកដាក់។ ដោយឡែកមនុស្ស ០២នាក់ទៀតដែលជាអនីតិជន ត្រូវបានបញ្ជូនឲ្យត្រឡប់ទៅកាន់ទីក្រុងហុងកុងវិញ៕