(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីករណីស្លាប់ដោយសារ COVID-19 ជាលើកដំបូងក្នុងរយៈពេល ៨ខែកន្លងទៅនេះ ខណៈខ្លួនកំពុងព្យាយាមទប់ស្កាត់ ការកើនឡើងជាថ្មីនៃករណីឆ្លង និងកំពុងរៀបចំសម្រាប់ការមកដល់ នៃក្រុមអ្នកជំនាញអង្គការសុខភាពពិភពលោក (WHO)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១។
ប្រទេសចិនបានគ្រប់គ្រងការរាតត្បាតវីរុសកូរ៉ូណា (COVID-19) នេះបានយ៉ាងល្អ បន្ទាប់ពីមានវិធានការបិទទ្វារប្រទេស (Lockdown) យ៉ាងតឹងរ៉ឹង និងការធ្វើតេស្តទ្រង់ទ្រាយធំ ព្រមទាំងការរឹតត្បិតលើការធ្វើដំណើរ ប៉ុន្តែប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចំនួនករណីឆ្លងបានកើនឡើងជាថ្មី ជាពិសេសនៅតំបន់ភាគខាងជើងនៃប្រទេស។ គណៈកម្មការសុខភាពជាតិចិន នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការរកឃើញនូវករណីឆ្លង COVID-19 ថ្មីៗចំនួន ១៣៨ករណីបន្ថែមទៀត ដែលជាការកើនឡើងនូវករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០កន្លងទៅនេះ។
គណៈកម្មការខាងលើបានគូសបញ្ជាក់ទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១៣៨ករណីខាងលើ ១២៤ករណីគឺជាករណីឆ្លងក្នុងស្រុក ហើយក្នុងនោះទៀត ៨១ករណីត្រូវបានរាយការណ៍ចេញពីខេត្ត ហឺប៉ី (Hebei) ជាខេត្តដែលស្ថិតនៅព័ទ្ធជុំវិញទីក្រុងប៉េកាំង ខណៈ ៤៣ករណីផ្សេងទៀតត្រូវបានរាយការណ៍ចេញពីខេត្ត ហៃឡុងជាំង (Heilongjiang) ជាខេត្តដែលស្ថិតនៅភាគឦសាននៃប្រទេសចិន។
មិនមានព័ត៌មានលម្អិតណាមួយ ដែលបញ្ជាក់អំពីករណីស្លាប់ចុងក្រោយ ដោយអាជ្ញាធរសុខាភិបាលចិនឡើយ។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ប្រទេសចិនបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៨៧,៨៤៤ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៥នាក់ និងអ្នកជាសះស្បើយ ៨២,៣២៤នាក់៕