(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាថ្មីមួយ លើការរឹតបន្តឹងបម្រាមដែលបានចូលជាធរមានកាលពីខែវិច្ឆិកា ដែលហាមក្រុមហ៊ុនអាមេរិកទាំងអស់ មិនឱ្យធ្វើការវិនិយោគក្នុងក្រុមហ៊ុនចិន ដែលត្រូវបានចោទប្រកាន់ឬជាប់សង្ស័យថា មានទំនាក់ទំនងជាមួយយោធាចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២០។
បទបញ្ជាកាលពីខែវិច្ឆិកាកន្លងទៅ បានធ្វើការហាមឃាត់ត្រឹមតែការទិញភាគហ៊ុនប៉ុណ្ណោះ តែនៅក្រោមបទបញ្ជាថ្មីនេះ ក្រុមហ៊ុន ឬអ្នកវិនិយោគអាមេរិកទាំងអស់ នឹងតម្រូវឱ្យដកភាគហ៊ុន ឬការវិនិយោគរបស់ពួកគេទាំងស្រុង ចេញពីក្រុមហ៊ុនចិនទាំងឡាយណា ដែលត្រូវបានចោទប្រកាន់ឬជាប់សង្ស័យថា មានទំនាក់ទំនងជាមួយយោធាចិន។ «បទបញ្ជាប្រតិបត្តិនៅថ្ងៃនេះនឹងធានាថា សហរដ្ឋអាមេរិកមានកូនសោដ៏សំខាន់មួយនៅក្នុងដៃ ដែលអាចការពារ និងរារាំងអ្នកវិនិយោគអាមេរិក ផ្ដល់ហិរញ្ញវត្ថុទៅឱ្យយោធាចិន»។ នេះបើតាមប្រភពពីមន្ត្រីជាន់ខ្ពស់រដ្ឋបាលលោក ត្រាំ ម្នាក់ដែលបានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
គួរបញ្ជាក់ថា ក្រសួងការពារជាតិអាមេរិក បានកត់ឈ្មោះក្រុមហ៊ុនចិនចំនួន ៣៥ ចូលក្នុងបញ្ជីខ្មៅ ក្នុងនោះរួមមានក្រុមហ៊ុនផលិតបន្ទះឈីប SMIC និងក្រុមហ៊ុនប្រេង CNOOC របស់ចិនជាដើម។ ស្ថានទូតចិនក្នុងទីក្រុងវ៉ាស៊ីនតោន មិនទាន់បបញ្ចេញប្រតិកម្ម ឬធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ជុំវិញការរឹតបន្តឹងបន្ថែមលើវិស័យពាណិជ្ជកម្ម ពីសំណាក់សហរដ្ឋអាមេរិកខាងលើនេះ៕