Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក ដាក់ពង្រាយកងទ័ព ១៥,០០០នាក់, ធានាសន្តិសុខនៅថ្ងៃលោក ចូ បៃដិន ស្បថចូលកាន់តំណែង ​​​​(Video inside)

14-01-2021 09:07

(វ៉ាស៊ីនតោន)៖ កងទ័ពឆ្មាំការពារជាតិរបស់សហរដ្ឋអាមេរិក រហូតដល់ទៅ ១,៥០០០នាក់ ត្រូវបានដាក់ពង្រាយទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី ដើម្បីធានាសុវត្ថិភាព និងសន្តិសុខ មុន និងកំឡុងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់លោក ចូ បៃដិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមករានេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

ការសម្រេចចិត្តដាក់ពង្រាយកទ័ពឆ្មាំជាតិខាងលើ ធ្វើឡើងបន្ទាប់ពី FBI បានព្រមានថាបាតុកម្មតវ៉ាប្រដាប់អាវុធ អាចនឹងផ្ទុះឡើងក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃដែលលោក បៃដិន ស្បថចូលកាន់តំណែង។ មន្ត្រីអាមេរិកម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មិនបានឱ្យដឹងថាតើកងទ័ពឆ្មាំការពារជាតិប៉ុន្មាននាក់ នឹងត្រូវប្រដាប់ដោយអាវុធនោះទេ ប៉ុន្តែអះអាងថា កងទ័ពដែលនឹងជួយធានាសុវត្ថិភាព និងសន្តិសុខនៅឯវិមានសភា នឹងមានអាវុធនៅក្នុងដៃ។ កងទ័ពឆ្មាំការពារជាតិមានចំនួនតែ ៨,០០០នាក់ ប៉ុណ្ណោះ ត្រូវបានដាក់ពង្រាយ នៅថ្ងៃលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតី កាលពីឆ្នាំ២០១៦។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមករាកន្លងទៅ ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ បានសម្រុកចូលវាយប្រហារវិមានសភា ដើម្បីរារាំងការទទួលស្គាល់លោក បៃដិន ជាប្រធានាធិបតី ថ្មីរបស់សហរដ្ឋអាមេរិក។ នៅក្នុងភាពចលាចលដ៏ហិង្សានៅពេលនោះ បានផ្ដាច់ជីវិតមនុស្ស៥នាក់ ក្នុងនោះមានមន្ត្រីប៉ូលិសម្នាក់ ហើយក្រោយភាពចលាចលនេះដែរ FBI បានព្រមានថាបាតុកម្មប្រដាប់ដោយអាវុធ និងអំពើហិង្សា អាចនឹងផ្ទុះឡើងនៅថ្ងៃលោក បៃដិន ស្បថឡើងកាន់តំណែងជាប្រធានាធិបតី៕