(ប៉េកាំង)៖ ប្រធានក្រុមហ៊ុន Primavera Group ដែលជាក្រុមហ៊ុនផលប័ត្រដ៏ធំរបស់ក្រុមហ៊ុន Ant Group ជឿជាក់ថា ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alibaba លោក Jack Ma គឺមិនមានរឿងអីកើតឡើងចំពោះលោក ដូចពាក្យចចាមអារ៉ាមឡើយ ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Yahoo នៅយប់ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១។

លោក Fred Hu បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធនេះដោយមិនបានបញ្ជាក់លម្អិតច្បាស់យ៉ាងដូច្នេះថា«ខ្ញុំជឿថា លោក(Jack Ma) មានសុវត្ថិភាព ហើយលោកនៅតែជាគំរូមួយ នៃភាពជាសហគ្រិនជោគជ័យ»។

គួរបញ្ជក់ថា ស្របពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងបើកការស៊ើបអង្កេតលើក្រុមហ៊ុន Alibaba និង Ant Group នោះ ស្រាប់តែគេសង្កេតឃើញថា លោក Jack Ma ហាក់ដូចជាបាត់ស្រមោល និងមិនបានបង្ហាញខ្លួនជាសាធារណៈចំនួនប្រហែលជាពីរខែមកហើយ ដោយក្នុងនោះមានកម្មវិធីធំៗជាច្រើនត្រូវបានជំនួសដោយអ្នកផ្សេងទៅវិញ។ ប្រការនេះបានធ្វើឲ្យពាក្យចចាមអារ៉ាមមិនល្អ លេចលឺជាច្រើន។

ទោះជាយ៉ាងណា ពាក់ព័ន្ធនឹងការមិនបង្ហាញវត្តមាននៅក្នុងកម្មវិធីខាងលើនេះ ត្រូវបានអ្នកនាំពាក្យរបស់ Alibaba បញ្ជាក់ថា ដោយសារតែលោក Jack Ma មានកម្មវិធីជាន់គ្នា ដូច្នេះទើបត្រូវឱ្យលោកនាយកប្រតិបត្តិមកជំនួស ប៉ុន្តែមិនបានបញ្ជាក់ថា លោក Jack Ma ជាប់កម្មវិធីអ្វីនោះទេ៕