(គុយវ៉ែត)៖ ទីភ្នាក់ងារសារព័ត៌មានគុយវ៉ែត (KUNA) នៅថ្ងៃពុធនេះ បានឲ្យដឹងថា នាយករដ្ឋមន្រ្តីគុយវ៉ែត ព្រះអង្គម្ចាស់ សៀស សាបាស់ ខឡេត អាល់ហាម៉ាត់ អាល់ សាបាស់ (Sheikh Sabah Khaled Al-Hamad Al-Sabah) បានដាក់ពាក្យសុំលាលែងតំណែងពីរដ្ឋាភិបាលរបស់លោក ទៅកាន់ព្រះមហាក្សត្រ ព្រះអង្គម្ចាស់ សៀស ណាវ៉ាហ្វ អាល់ហាម៉ាត់ អាល់ចាបឺ អាល់សាបាស់ (Sheikh Nawaf Al-Ahmad Al-Jaber Al-Sabah) ហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១។
ព្រះអង្គម្ចាស់នាយករដ្ឋមន្រ្តីគុយវ៉ែត កាលពីថ្ងៃអង្គារម្សិលមិញនេះ បានជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការពារជាតិ ព្រះអង្គម្ចាស់ សៀស ហាម៉ាត់ ចាបឺ អាល់អាលី អាល់សាបាស់ (Sheikh Hamad Jaber Al-Ali Al-Sabah) និងរដ្ឋមន្រ្តីដទៃជាច្រើននាក់ទៀតផងដែរ។ KUNA បានគូសបញ្ជាក់ទៀតថា ព្រះអង្គម្ចាស់ ហាម៉ាត់ ចាបឺ អាល់អាលី បានលើកឡើងថា ការលាលែងរបស់សមាជិកគណៈរដ្ឋមន្រ្តីទាំងអស់ ធ្វើឡើងដោយមើលឃើញពីការវិវត្តបច្ចុប្បន្នទាក់ទងនឹងទំនាក់ទំនងរវាងសភា និងរដ្ឋាភិបាល និងអ្វីដែល ផលប្រយោជន៍ជាតិអាចធានាបាន។
គួរបញ្ជាក់ថា នេះមិនមែនជារឿងដែលចម្លែកទេ ដោយប្រទេសគុយវ៉ែត បានជួបប្រទះការរុះរើគណៈរដ្ឋមន្រ្តីនេះជាញឹកញាប់មកហើយ៕