(វ៉ាស៊ីនតោន)៖ ស្ត្រីម្នាក់ឈ្មោះ Lisa Montgomery ដែលត្រូវបានតុលាការអាមេរិកផ្តន្ទាទោសប្រហារជីវិត ពីបទសម្លាប់ស្ត្រីមានផ្ទៃពោះម្នាក់ និងវះពោះយកកូនរបស់ជនរងគ្រោះ ត្រូវបានប្រហារជីវិតហើយ ដោយការចាក់ថ្នាំពុល នៅក្នុងពន្ធនាគារមួយ ក្នុងរដ្ឋ Indiana នៅព្រឹកថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១។
តុលាការអាមេរិក បានសម្រេចផ្តន្ទាទោសប្រហារជីវិត អ្នកទោស Lisa Montgomery ពីបទសម្លាប់ស្ត្រីមានផ្ទៃពោះម្នាក់ ឈ្មោះ Bobbie Jo Stinnett អាយុ២៣ឆ្នាំ នៅក្នុងទីក្រុង Skidmore នៃរដ្ឋ Missouri កាលពីខែធ្នូ ឆ្នាំ២០០៤។ បើតាមប៉ូលិស Montgomery បានប្រើប្រាស់ខ្សែរឹតកសម្លាប់ ឈ្មោះស្រ្តី Stinnett ដែលកំពុងពពោះកូនអាយុ៨ខែ
នៅពេលនោះ ហើយបានប្រើកាំបិត វះពោះយកទារិការបស់ជនរងគ្រោះ។ ប៉ូលិសឱ្យដឹងទៀតថា ស្រ្តីឈ្មោះ Montgomery ដែលត្រូវបានមេធាវីការពារក្ដីរបស់ខ្លួនអះអាងថាមាន ជំងឺផ្លូវចិត្តធ្ងន់ធ្ងរ បានយកកូនជនរងគ្រោះដែលនៅមានជីវិត ទៅជាមួយ ដោយបន្លំថាជាកូនរបស់ខ្លួន។
គួរបញ្ជាក់ថា ការប្រហារជីវិតអ្នកទោស Lisa Montgomery មានអាយុ៥២ឆ្នាំ បានធ្វើឱ្យរូបគេក្លាយជាស្ត្រីដំបូងគេបំផុត ដែលត្រូវបានប្រហារជីវិតនៅក្រោមច្បាប់សហព័ន្ធ ចាប់តាំងពីឆ្នាំ១៩៥៣មក។ អ្នកទោសជាស្ត្រី ដែលត្រូវបានប្រហារជីវិតចុងក្រោយគេបំផុត ក្រោមច្បាប់សហព័ន្ធអាមេរិក មានឈ្មោះថា Bonnie Brown Heady កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៥៣ ពីបទចាប់ពង្រត់ និងសម្លាប់ក្មេងប្រុសម្នាក់ មានអាយុ ៦ឆ្នាំ ក្នុងរដ្ឋ Missouri៕