(ហាវ៉ាណា)៖ ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីយ៉ាស ខានែល (Miguel Diaz-Canel) នៅថ្ងៃអង្គារសប្ដាហ៍នេះ បានថ្កោលទោសសហរដ្ឋអាមេរិកយ៉ាងខ្លាំង ចំពោះការដាក់បញ្ចូលឈ្មោះប្រទេសនេះ ទៅក្នុងបញ្ជីខ្មៅនៃប្រទេស ដែលគាំទ្រអំពើភេរវកម្ម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១។

លោក Miguel Diaz-Canel បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា «ប្រទេសគុយបាបានប្រឆាំងនឹងអំពើភេរវកម្ម ព្រោះប្រទេសនេះគឺជាប្រទេស ដែលរងគ្រោះដោយសារការវាយប្រហារ... គុយបាមិនមែនជាប្រទេស ដែលឧបត្ថម្ភគាំទ្រភេរវកម្មឡើយ»។ ការថ្កោលទោសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានប្រកាសបង្ខូចឈ្មោះប្រទេសគុយបាថា ជាប្រទេសដែលឧបត្ថម្ភអំពើភេរវកម្ម។

គួរបញ្ជាក់ថា ប្រទេសគុយបាត្រូវបានសហរដ្ឋអាមេរិក ចាត់ថ្នាក់ជាប្រទេសដែលឧបត្ថម្ភអំពើភេរវកម្ម ជាលើកដំបូងកាលពីឆ្នាំ១៩៨២ ហើយត្រូវបានដកចេញពីបញ្ជីខ្មៅនៅឆ្នាំ២០១៥ ក្រោមអតីតរដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា ខណៈប្រទេសទាំងពីរ បានបង្កើតទំនាក់ទំនងការទូតឡើងវិញ។ ទោះជាយ៉ាងណា អ្វីៗបានប្រែជាអាក្រក់ដូចមុនវិញ នៅក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ ស្បថចូលកាន់អំណាចជាផ្លូវការ កាលពីខែមករា ឆ្នាំ២០១៧៕