(បាងកក)៖ រដ្ឋាភិបាលថៃនៅថ្ងៃពុធនេះ បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ១៥៧ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ចុងក្រោយនេះ ដែលធ្វើឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់ ១០,៩៩១ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១។
បើតាមរដ្ឋាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ ១៣២ករណីជាករណីឆ្លងក្នុងសហគមន៍ ដែលជាចំនួនធ្លាក់ចុះបើធៀបនឹង ២៨៧ករណីដែលត្រូវបានប្រកាស កាលពីថ្ងៃអង្គារម្សិលមិញនេះ។ បច្ចុប្បន្ននេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ១០,៩៩១ករណី ក្នុងនោះមានអ្នកស្លាប់ ៦៧នាក់ និងអ្នកជាសះស្បើយ ៦,៩៤៣នាក់។
គួរបញ្ជាក់ថា គិតចាប់តាំងពីការផ្ទុះយ៉ាងខ្លាំងក្លា នូវករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ ដែលផ្តើមចេញពីពលករចំណាកស្រុកមកពីមីយ៉ាន់ម៉ា និងទីផ្សារលក់គ្រឿងសមុទ្រនៅខេត្តសាមុតសាខន អាជ្ញាធរថៃបានបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសន្តិសុខតាមព្រំដែន និងអ្នកធ្វើដំណើរមកពីក្រៅប្រទេស។ បើតាមតួលេខខាងលើនេះ និងកាលពីថ្ងៃអង្គារម្សិលមិញ អត្រាឆ្លង COVID-19 ប្រចាំថ្ងៃបានធ្លាក់ចុះវិញ ជាបណ្តើរៗហើយ៕