(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្ត្រអាមេរិក គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ កំពុងរៀបចំដំណើរការនីតិវិធីចោទប្រកាន់ និងទម្លាក់លោកប្រធានាធិបតីជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ ចេញពីតំណែងជាលើកទី២ តែជាងមួយឆ្នាំ ប៉ុណ្ណោះបន្ទាប់ពីលោក ត្រាំ ធ្លាប់ត្រូវបានគេប៉ុនប៉ងដកតំណែងម្ដងរួចមកហើយ កាលពីឆ្នាំ២០១៩ ជុំវិញរឿង អាស្រូវជាមួយអ៊ុយក្រែន។

សភាតំណាងរាស្ត្រ គ្រោងនឹងបោះឆ្នោតក្នុងពេលឆាប់ៗនេះ ឬអាចនៅថ្ងៃពុធសប្ដាហ៍នេះតែម្ដង លើការដាក់ចេញមាត្រានៃច្បាប់វិសោធនកម្មទី២៥ ដែលមានចែងពីការទម្លាក់ ប្រធានាធិបតីចេញពីតំណែង ពីបទញុះញង់ឱ្យក្រុមកុបករគាំទ្ររូបលោក ធ្វើសកម្មភាពបះបោរចូលអុកឡុកវិមានសភា កាលពីសប្ដាហ៍មុន។ ការសម្រេចចិត្តបែបនេះកើតមានឡើង បន្ទាប់ពីលោក ត្រាំ បដិសេធចុះចេញពីតំណែងដោយខ្លួនឯង ហើយអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន ក៏មិនព្រមប្រកាសដាក់ចេញច្បាប់វិសោធនកម្មទី២៥ តាមការ ស្នើសុំពីប្រធានសភាតំណាងរាស្ត្រ លោកស្រី Nancy Pelosi នោះដែរ។

*តើអ្វីទៅជានីតិវិធីដកតំណែងប្រធានាធិបតី?

Impeachment ដែលគេស្គាល់ជាទូទៅថាជានីតិវិធីដកតំណែងប្រធានាធិបតី គឺជាយន្ដការមួយមានចែងនៅក្នុងរដ្ឋធម្មនុញ្ញអាមេរិក ដែលផ្ដល់សិទ្ធិអំណាចឱ្យសភាទាំង២ របស់ សហរដ្ឋអាមេរិក ដាក់ទោសលើប្រធានាធិបតី ដែលប្រព្រឹត្តកំហុសឆ្គងធ្ងន់ធ្ងរមិនអាចអត់ឱនឱ្យបាន។ កំហុសឆ្គងធ្ងន់ធ្ងរនេះ ក្នុងនោះរួមមានទង្វើក្បត់, ស៊ីសំណូក ឬក៏ការប្រព្រឹត្ត បទឧក្រិដ្ឋផ្សេង ដែលច្បាប់អាមេរិកកំណត់។ សភាតំណាងរាស្ត្រអាចដំណើរការនីតិវិធីចោទប្រកាន់ ឬដកប្រធានាធិបតីពីតំណែងបានយ៉ាងងាយស្រួល តាមសំឡេងភាគច្រើន ធម្មតា ឬ៥០ បូក ១។ ប៉ុន្តែ ការសម្រេចចិត្តចុងក្រោយថា ដក ឬមិនដកតំណែងប្រធានាធិបតី គឺអាស្រ័យលើព្រឹទ្ធសភាដែលតម្រូវរកសំឡេងឱ្យបាន ២ភាគ៣ ក្នុងចំណោម សមាជិកព្រឹទ្ធសភាសរុប ១០០រូប។

*តើសភាអាមេរិក អាចដំណើរការនីតិវិធីដកតំណែងប្រធានាធិបតី ត្រាំ ជាលើកទី២ ដែរឬទេ?

រដ្ឋធម្មនុញ្ញអាមេរិក បានផ្ដល់សិទ្ធិអំណាចឱ្យសភាតំណាងរាស្ត្រអាមេរិក ដំណើរការនីតិវិធីដកតំណែងប្រធានាធិបតី ដោយមិនបានកំណត់ថាតើអាចដំណើរការនីតិវិធីនេះ ប៉ុន្មានដងនោះទេ។ ផ្អែកលើស្ថានភាពនយោបាយបច្ចុប្បន្ន នៅក្នុងសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងខ្ពស់ថានឹងក្លាយជាប្រធានាធិបតីដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលនឹងត្រូវបានសភាតំណាងរាស្ត្រ ដំណើរការនីតិវិធីចោទប្រកាន់ និងដកតំណែងដល់ទៅ ២ដង។

*ហេតុអ្វីបានសភាតំណាងរាស្ត្រ ចង់ដកតំណែងលោក ត្រាំ?

ការដំណើរការនីតិវិធីដកតំណែងប្រធានាធិបតី ដែលស្នើឡើងដោយសភាតំណាងរាស្ត្រ គឺជាការឆ្លើយតបទៅនឹងអ្វីដែលបានកើតឡើងនៅឯវិមានសភា កាលពីថ្ងៃទី០៦ ខែមករា កន្លងទៅ។ លោក ដូណាល់ ត្រាំ ត្រូវបានគេចោទថាជាអ្នកញុះញង់ឱ្យក្រុមអ្នកគំាទ្ររូបលោក សម្រុកចូលអុកឡុកវិមានសភាទាំងកម្រោល និងបង្កហិង្សា រួមទាំងភាពចលាចល ដោយបណ្ដាលឱ្យមនុស្សយ៉ាងហោច ៥នាក់ស្លាប់ ក្នុងនោះមានម្នាក់ជាមន្ត្រីប៉ូលិស។ មជ្ឈដ្ឋានភាគច្រើន បានរិះគន់ និងយល់ឃើញថាប្រជាធិបតេយ្យអាមេរិកបានស្លាប់បាត់ ទៅហើយ នៅថ្ងៃដែលក្រុមកុបករគាំទ្រលោក ត្រាំ សម្រុកចូលវិមានសភា ដើម្បីរារាំងការប្រកាសទទួលស្គាល់លោក ចូ បៃដិន ជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។

*តើលោក ត្រាំ អាចនឹងត្រូវគេដកតំណែង មុនផុតអាណត្តិមែនទេ?

ដោយសារតែលោក ចូ បៃដិន នឹងត្រូវស្បថឡើងកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក នៅក្នុងពេលឆាប់ៗ ពោលគឺនៅថ្ងៃទី២០ ខែមករានេះ ការដំណើរការ នីតិវិធីដកលោក ត្រាំ ចេញពីតំណែងជាលើកទី២ ដោយសភាតំណាងរាស្ត្រ ប្រហែលត្រឹមតែជានិមិត្តរូបប៉ុណ្ណោះ ដោយវាដូចគ្នាទៅនឹងឆ្នាំ២០១៩ដែរ នោះគឺអ្វីត្រូវរង់ចាំមើល ការសម្រេចចិត្តរបស់ព្រឹទ្ធសភា ជាមុនសិន។ ព្រឹទ្ធសភាអាមេរិក បច្ចុប្បន្ន កំពុងស្ថិតនៅក្នុងរយៈពេលនៃការឈប់សម្រាក ដោយមិនអាចបើកសម័យប្រជុំវិញភ្លាមៗឡើយ រហូតដល់ថ្ងៃទី១៩ ខែមករា លើកលែងតែមានការយល់ព្រមពីសមាជិកព្រឹទ្ធសភាទាំងអស់ ១០០រូប ហើយដែលរឿងបែបនេះទំនងជានឹងមិនអាចទៅរួចឡើយ។

តាមការពិតទៅ សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ រួមទាំងលោកស្រី Nancy Pelosi ក៏ដឹងដែរថាសល់ត្រឹមរយៈពេលជាងមួយសប្ដាហ៍ទៀត ចង់ដកតំណែងលោក ត្រាំ គឺមិនអាចទៅរួចឡើយ។ ប៉ុន្តែ ពួកគេនៅតែជម្នះចង់ធ្វើរឿងនេះ គឺដោយសារតែខឹងសម្បារទៅនឹងអ្វីដែលបានកើតឡើងនៅឯវិមានសភា ហើយពួកគេក៏ចង់យកឱកាសនេះវាយបំបាក់ ឥទ្ធិពលរបស់លោក ត្រាំ ព្រមទាំងជាន់ប្រជាប្រិយភាពរបស់គណបក្សសាធារណរដ្ឋ ឱ្យរាបដល់ដី។

បើតាមក្រុមអ្នកច្បាប់ ទោះជាសភាតំណារាស្ត្រគ្រប់គ្រង ដោយគណបក្សប្រជាធិបតេយ្យ ដំណើរការនីតិវិធីដកតំណែងលោក ត្រាំ និងបញ្ជូនមាត្រាច្បាប់ដែលមានចែងពីការដកតំណែងប្រធានាធិបតី ទៅកាន់ព្រឹទ្ធសភា នៅក្នុងសប្ដាហ៍នេះក៏ដោយ ក៏វាប្រហែលជាយឺតពេលទៅហើយ ដ្បិតនីតិវិធីដកតំណែងប្រធានាធិបតី គឺត្រូវការរយៈពេលយូរគួរសម។ ជាឧទាហរណ៍ កាលពីឆ្នាំ២០១៩ នីតិវិធីនេះត្រូវចំណាយពេលដល់ជាង ៤៨ថ្ងៃ ដោយសភាតំណាងរាស្ត្រដំណើរការនីតិវិធីដកតំណែងលោក ត្រាំ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយរហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ទើបព្រឹទ្ធសភាអាមេរិកសម្រេចចិត្តជាចុងក្រោយ តាមរយៈការបោះឆ្នោតប្រឆាំងជំទាស់នឹងការដកលោក ត្រាំ ពីតំណែង។

ដូច្នេះ សល់ពេលត្រឹមតែជាងមួយសប្ដាហ៍ទៀត លោក ត្រាំ ប្រហែលជានឹងត្រូវចុះចេញតំណែងតាមសម្រួល នៅពេលលោកផុតអាណត្តិនៅថ្ងៃទី២០ ខែមករានេះ។ ម្យ៉ាងវិញទៀតក្រោយការឡើងស្បថកាន់តំណែងរបស់លោក ចូ បៃដិន លោក ត្រាំ នឹងមិនត្រូវជាប់ឈ្មោះជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវបានបណ្ដេញចេញពីតំណែងឡើយ ទោះបីជា ព្រឹទ្ធសភាយល់ព្រមដំណើរការនីតិវិធីដកតំណែង ឬធ្វើការចោទប្រកាន់លោករូបលោកជាផ្លូវការក៏ដោយ។ ដ្បិត នៅថ្ងៃលោក បៃដិនស្បថកាន់តំណែង លោក ត្រាំបានផុតអាណត្តិ ជាប្រធានាធិបតីទៅហើយ ឬក៏អាចនិយាយឱ្យងាយស្ដាប់ «គេមិនអាចដកតំណែងប្រធានាធិបតីម្នាក់ ដែលឈប់ធ្វើជាប្រធានាធិបតីនោះទេ»

តែទោះជាបែបនេះក្ដី ព្រឹទ្ធសភាអាមេរិក នៅមានសិទ្ធិអំណាចមួយទៀត នោះគឺបោះឆ្នោតក្នុងសំឡេងភាគច្រើនធម្មតា (៥០ បូក ១) ដើម្បីដកសិទ្ធិ ឬហាមលោក ត្រាំ មិនឱ្យឈរ ឈ្មោះជាបេក្ខភាពប្រធានាធិបតីជារៀងរហូត ហើយនេះក៏ជាអ្វីដែលបក្សប្រជាធិបតេយ្យចង់បានបំផុតដែរ។

គួរបញ្ជាក់ថា ក្រោយការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ គណបក្សប្រជាធិបតេយ្យ នឹងគ្រប់គ្រងទាំងសភាតំណារាស្ត្រ និងព្រឹទ្ធសភា។ បច្ចុប្បន្ន នៅក្នុងព្រឹទ្ធសភាដែលមានសមាជិកសរុប១០០រូប ក្នុងនោះមានសមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យ៤៨រូប ហើយចំនួននេះនឹងកើនដល់៥០នាក់ នៅពេលសមាជិកព្រឹទ្ធសភា ប្រជាធិបតេយ្យទើបជាប់ឆ្នោត២រូប គឺលោក Raphael Warnock និងលោក Jon Ossoff ចូលស្បថចូលកាន់តំណែងជាផ្លូវការ៕

ប្រភព៖ Washington Post