(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Google បានសម្រេចចិត្តផ្អាកគណនី YouTube របស់លោក ដូណាល់ ត្រាំ មិនឲ្យបង្ហោះអ្វីឡើយ នៅក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីខ្លួនបានរកឃើញថា លោក ត្រាំ បានបង្ហោះវីដេអូរំលោភលើបទបញ្ជា។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន CNBC នារសៀលថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១។
បន្ថែមពីការបិទមិនឲ្យគណនី YouTube របស់លោក ដូណាល់ ត្រាំ ធ្វើការបង្ហោះអ្វីបាននៅក្នុងរយៈពេល ០៧ថ្ងៃ Google ក៏បានសម្រេចមិនឲ្យ Channel ដែលមានអ្នក subscribed ចំនួន ២.៧៧លាននាក់មួយនេះ ទទួលការ comment ឬធ្វើការ comment អ្វីបានផងដែរ។ ការផ្អាកគណនី ជាបណ្តោះអាសន្នខាងលើនេះមានន័យថា គណនីរបស់លោក ត្រាំ និងវីដេអូដែលត្រូវបានបង្ហោះកន្លងមក (លើកលែងតែ content រំលោភគោលការណ៍) នឹងនៅតែមាននៅលើ YouTube ដដែល ប៉ុន្តែលោក ត្រាំ មិនអាចបង្ហោះអ្វីថ្មីទៀតបានឡើយ។
សេចក្តីថ្លែងការណ៍ពីក្រុមហ៊ុន Google នៅល្ងាចថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅកាលីហ្វរញ៉ា, អាមេរិក) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយការត្រួតពិនិត្យ និងមើលឃើញមានការព្រួយបារម្ភជាច្រើន អំពីលទ្ធភាពដែលអាចផ្ទុះអំពើហិង្សា យើងបានសម្រេចចិត្តលុបចេញ នូវការបង្ហោះមាតិកា (content) របស់ Channel ឈ្មោះ Donald J. Trump ដោយសារតែវាបានរំលោភ លើគោលការណ៍នានារបស់យើង។ បន្ថែមពីនេះ ឆ្លើយតបនឹងការព្រួយបារម្ភតែកំពុងបន្ត ចំពោះការផ្ទុះអំពីហិង្សា យើងសម្រេចបិទ (Disable) កន្លែងបញ្ចេញមតិ (comment) របស់គណនី Donald Trump ដូចដែលយើងធ្លាប់បានធ្វើ ចំពោះគណនីផ្សេងៗទៀតដូចគ្នា ដើម្បីរក្សាសុវត្ថិភាព ចំពោះផ្នែកបញ្ចេញមតិយោបល់នោះ»។
គួរបញ្ជាក់ថា ក្រៅពីការផ្អាកគណនី YouTube ដែលជាបណ្តាញសង្គម-វីដេអូ ធំបំផុតរបស់ពិភពលោកនោះ គណនី Facebook និង Twitter របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កន្លងមកនេះក៏ត្រូវបានផ្អាក ក្រោមហេតុផលស្រដៀងគ្នានេះដែរ។ ក្រុមបាតុករគាំទ្រលោក ដូណាល់ ត្រាំ បានសម្រុកចូលវិមានសភា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន និងបានផ្ទុះអំពើហិង្សា មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដោយបានបណ្តាលឲ្យមនុស្ស ០៥នាក់ស្លាប់ក្នុងនោះរួមមានទាំង មន្ត្រីប៉ូលិសម្នាក់ផងដែរ៕