Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីបំផុតរដ្ឋមន្ត្រីការបរទេសអាមេរិក Pompeo លុបចោលទស្សនកិច្ចនៅអឺរ៉ុប ខណៈមានការបង្ហើបថា «អឺរ៉ុបមិនស្វាគមន៍» ​​​​(Video inside)

13-01-2021 11:04

(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានសម្រេចលុបចោលគម្រោងទស្សនកិច្ច ទៅកាន់ទ្វីបអឺរ៉ុបយ៉ាងតក់ក្រហល់ ខណៈដែលមូលហេតុត្រូវបានគេបង្ហើបឲ្យដឹងថា ដោយសារតែក្រុមមន្រ្តីអឺរ៉ុប បានបដិសេធមិនព្រមជួបរូបលោក បន្ទាប់ពីព្រឹត្តិការណ៍ផ្ទុះហិង្សា នៅវិមានសភាអាមេរិកនាពេលកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១។

ប្រភពពីក្រុមអ្នកការទូតអឺរ៉ុប ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានប្រាប់ថា លោក Pompeo ត្រូវបានក្រុមមន្រ្តីនៅទីក្រុងព្រុចសែល និងក្រុមមន្រ្តីនៅប្រទេសលុចហ្សំបួរ «បដិសេធមិនជួប» បន្ទាប់ពីសហភាពអឺរ៉ុបបានថ្កោលទោសជាខ្លាំង ចំពោះអំពើហិង្សាកាលពីថ្ងៃទី០៦ ខែមករា នៅរដ្ឋធានីវ៉ាស៉ីនតោន ពេលដែលក្រុមអ្នកគាំទ្រប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចូលអុកឡុកវិមានសភាអាមេរិក ហើយបង្កឲ្យមានមនុស្សបាត់បង់ជីវិត ០៥នាក់ថែមទៀត។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) លោកប្រមុខការទូតរបស់សហរដ្ឋអាមេរិក បានប្រកាសពីការលុបចោល គម្រោងទស្សនកិច្ចទាំងអស់របស់ ក្រសួងការបរទេសអាមេរិក ដោយលើកហេតុផលថា ការសម្រេចធ្វើបែបនេះគឺចាំបាច់ ដើម្បីផ្តោតទៅលើដំណើរការផ្ទេរអំណាច នៃប្រធានាធិបតីអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមករា ជាមួយការស្បថចូលកាន់តំណែងរបស់ ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន៕