(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១នេះ បានរាយការណ៍ឲ្យដឹងថា ខ្លួនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗ ចំនួន ៣,៣០៩ករណីបន្ថែមទៀត ដែលភាគច្រើនជាប្រភេទករណីឆ្លងក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មានស៊ីនហួរ។
បើតាមការបញ្ជាក់របស់ក្រសួង ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មានតែ ០៦ករណីប៉ុណ្ណោះដែលជាប្រភេទនាំចូល ក្រៅពីនោះគឺករណីឆ្លងក្នុងស្រុកទាំងអស់។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា ម៉ាឡេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ០៤នាក់បន្ថែទៀតផងដែរ។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ មហាក្សត្រម៉ាឡេស៊ីព្រះចៅ ស៊ុលតង់ អាប់ឌុលឡាហ៍ (Al-Sultan Abdullah) ក៏បានសម្រេចព្រះទ័យដាក់ប្រទេសម៉ាឡេស៊ី ទាំងមូលចូលក្នុងគ្រាមានអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ដែលកំពុងកើនឡើងយ៉ាងគំហុកផងដែរ។ រហូតមកទល់ពេលនេះ ប្រទេសម៉ាឡេស៊ី បានកត់ត្រាករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ១៤១,៥៣៣ករណី ក្នុងនោះស្លាប់ ៥៥៩នាក់ និងជាសះស្បើយ ១១០,៥៨៤នាក់ ឬស្មើនឹង ៧៨.១%៕