(ម៉ានីល)៖ មន្រ្តីជាន់ខ្ពស់ហ្វីលីពីនម្នាក់ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ បានចេញបញ្ជាឱ្យគណៈកម្មការជាតិទូរគមនាគមន៍ហ្វីលីពីន (NTC) ដាក់ទណ្ឌកម្មលើក្រុមហ៊ុនផ្តល់សេវាអ៉ិនធើណិត (ISP) ដែលបរាជ័យក្នុងការទប់ស្កាត់ការចែកចាយរូបភាពអាសអាភាស របស់កុមារនៅលើប្រព័ន្ធអ៊ីនធើណិត ចំពេលមាន ការឆ្លងរីករាលដាលនៃ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារពត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។
មន្រ្តីជាន់ខ្ពស់នៃគណៈរដ្ឋមន្រ្តីហ្វីលីពីន លោក ខារឡូ ណូក្រាលស៍ (Karlo Nograles) បានគូសបញ្ជាក់ប្រាប់នៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអ៊ីនធើណិតថា លោក ឌូតើតេ បានចេញបទបញ្ជា ក្នុងអំឡុងពេលប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីមានរបាយការណ៍ថា រូបភាពអាសអាភាសរបស់កុមារនៅក្នុងប្រទេសហ្វីលីពីន «បានផ្ទុះឡើង» កាលពីឆ្នាំ២០២០កន្លងទៅនេះ ចំពេលប្រទេសនេះ បានព្យាយាមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតសកល (COVID-19)។
លោក Karlo Nograles បានបន្ថែមថា «របាយការណ៍ផ្សេងៗដែលបង្ហាញពីការកើនឡើង នៃរូបភាពអាសអាភាសរបស់កុមារ បានធ្វើឲ្យលោកប្រធានាធិបតី មានកង្វល់ជាខ្លាំង។ ខណៈរបាយការណ៍គួរឲ្យសង្ស័យទាក់ទងទៅនឹងការអាជីវកម្មផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងកំឡុងពេលមានជំងឺឆ្លងរាតត្បាតសកល (COVID-19) នេះបានកើនឡើងទ្វេដង»។
គួរបញ្ជាក់ថា ករណីកេងប្រវ័ញ្ចផ្លូវភេទ ឬអាជីវកម្មផ្លូវភេទកុមារ តាមប្រព័ន្ធអ៊ីនធើណិតនៅក្នុងប្រទេសហ្វលីពីន បានកើនឡើងគួរឲ្យកត់សម្គាល់ ដែលជនរងគ្រោះទាំងនោះ មានអាយុជាមធ្យម ១១ឆ្នាំ៕