(ប៉េកាំង)៖ អ្នកជំនាញអន្តរជាតិមួយក្រុម មកពីអង្គការសុខភាពពិភលោក WHO ដែលទទួលបន្ទុកស៊ើបអង្កេតពីប្រភពដើមនៃវីរុសកូរ៉ូណា COVID-19 នឹងធ្វើដំណើរតាមជើងហោះហើរចេញពីប្រទេសសិង្ហបុរី ទៅដល់ទីក្រុងវូហាន ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមមន្ត្រីចិនម្នាក់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ ក្នុងទីក្រុងប៉េកាំង នៅថ្ងៃអង្គារនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានគូសបញ្ជាក់យ៉ាងខ្លី ដូច្នេះថា៖ «បើតាមគម្រោងបច្ចុប្បន្ន ពួកគេ (ក្រុមអ្នកជំនាញអង្គការសុខភាពពិភលោក WHO) នឹងធ្វើដំណើរតាមជើងហោះហើរចេញពីប្រទេសសិង្ហបុរី ទៅដល់ទីក្រុងវូហាន នៅថ្ងៃទី១៤ ខែមករានេះ»។ ប៉ុន្តែ លោក Zhao Lijian មិនបានឆ្លើយតបទៅនឹងសំនួរថាតើក្រុមអ្នកជំនាញ WHO នឹងត្រូវធ្វើចត្តាឡីស័កជាមុនសិន នៅពេលពួកគេធ្វើដំណើរ មកដល់ទីក្រុងវូហាន ឬក៏យ៉ាងណានោះទេ ដោយគ្រាន់តែឱ្យដឹងថា ក្រុមអ្នកជំនាញទាំងនេះ នឹងដឹកនាំការស៊ើបអង្កេតរួមគ្នាជាមួយក្រុមអ្នកវិទ្យាសាស្ត្រចិន។
គួរបញ្ជាក់ថា ប្រមុខអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus ធ្លាប់បានសម្ដែងការខកចិត្តយ៉ាងខ្លាំង កាលពីដើមខែមករាកន្លងទៅ ក្រោយ ទទួលបានដំណឹងថាក្រុមអ្នកជំនាញរបស់ខ្លួន ត្រូវបានបដិសេធមិនឱ្យចូលក្នុងប្រទេសចិន ដែលនេះបានបង្ខំឱ្យសមាជិក២នាក់ នៃក្រុមអ្នកជំនាញ WHO ត្រូវត្រឡប់ក្រោយវិញ។ តែទោះជាយ៉ាងនេះក្ដី ចិន អះអាងថាអ្វីដែលបានកើតឡើងគ្រាន់តែជាការយល់ច្រឡំតែប៉ុណ្ណោះ៕