(សេអ៊ូល)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានផ្ញើសារអបអរសាទរមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលត្រូវបានសមាជបក្សផ្ដល់សេចក្ដីទុកចិត្ត តែងតាំងជាអគ្គលេខាធិការបក្សពលករ ហើយលោកក៏បានឆ្លៀតអំពាវនាវឱ្យទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង ពង្រឹងទំនាក់ទំនងនឹងគ្នាឱ្យកាន់តែរឹងមាំឡើង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅល្ងាចថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNA បានដកស្រង់សម្ដីលោក ស៊ី ជិនពីង យ៉ាងដូច្នេះថា «លោក ស៊ី បានកត់សម្គាល់ថា ការបោះឆ្នោតតែងតាំងលោក គីម ជុងអ៊ុន ជាអគ្គលេខាធិការបក្សពលករ បានបង្ហាញពីភាពគួរជាទីទុកចិត្ត ការគាំទ្រ និងការផ្ញើក្ដីសង្ឃឹមទាំងអស់របស់សមាជិកបក្ស និងប្រជាជនកូរ៉េខាងជើង ចំពោះលោក គីម»។ លោក ស៊ី ក៏បានបង្ហាញពីចេតនាចូលរួមថែរក្សាសន្តិភាព និងស្ថិរភាព ព្រមទាំងការអភិវឌ្ឍ តាមរយៈការពង្រឹងទំនាក់ទំនងជាមួយកូរ៉េខាងជើង ឱ្យកាន់តែរឹងមាំឡើងផងដែរ។
ជាការឆ្លើយតប គណបក្សពលករកូរ៉េខាងជើង បានសម្ដែងការអរគុណយ៉ាងជ្រៀលជ្រៅ ចំពោះគណបក្សកុម្មុយនិស្ដចិន និងលោក ស៊ី ជិនពីង ជាមួយការអះអាងថា ទីក្រុងព្យុងយ៉ាងបើកទ្វារចំហ និងស្វាគមន៍ជានិច្ចក្នុងការបើកទំព័រ ទំនាក់ទំនងមិត្តភាពថ្មីជាមួយចិន។
គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន ត្រូវបានតែងតាំងជា អគ្គលេខាធិការគណបក្សពលករនៅកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ នៅក្នុងសមាជលើកទី ៨ ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល ០៦ថ្ងៃនៅទីក្រុងព្យុងយ៉ាង និងបន្ទាប់ពីកូរ៉េខាងជើងបានធ្វើការកែប្រែ និងបង្កើតប្រព័ន្ធអគ្គលេខាធិការឡើងវិញ ក្រោយពីត្រូវបានលុបចោលកាលពីឆ្នាំ២០១៦៕