(ញូដេលី)៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក ស៊ូប្រាហ៍ម៉ាន់យ៉ាម ចៃសង្កា (Subrahmanyam Jaishankar) នៅថ្ងៃអង្គារនេះបាននិយាយថា សេចក្ដីទុកចិត្តដែលមានលើប្រទេសចិន បានថយចុះយ៉ាងខ្លាំង បន្ទាប់ពីការប៉ះទង្គិចគ្នានៅព្រំដែនកាលពីរដូវក្តៅឆ្នាំមុន ដែលបណ្តាលឲ្យមានការបាត់បង់ជីវិតជាលើកដំបូង នៅក្នុងរយៈពេល ៤៥ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។
កងទ័ពឥណ្ឌា នៅតែជាប់គាំងនៅព្រំដែនដែលមានជម្លោះយ៉ាងជូរចត់នៅភាគខាងលិចនៃជួរភ្នំហិម៉ាល័យ (Himalayan) ដដែលដែលវាជាវិបត្តិយោធាដ៏ធ្ងន់ធ្ងរបំផុត រវាងប្រទេសជិតខាងទាំងពីរគឺមហាយក្សចិន និងមហាយក្សឥណ្ឌា ដែលត្រូវបានអូសបន្លាយ អស់រយៈពេលជាច្រើនទសវត្សរ៍ហើយ។
លោក Subrahmanyam Jaishankar បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយ នៅក្នុងទីក្រុងញូដេលី ប្រទេសឥណ្ឌាថា «បន្ទាប់ពីរយៈពេល ៤៥ឆ្នាំកន្លងទៅនេះ អ្នកពិតជាបានបង្ហូរឈាមនៅតាមព្រំដែនប្រាកដមែន ហើយបញ្ហានោះពិតជាបានជះឥទ្ធិពល យ៉ាងខ្លាំងដល់មតិសាធារណៈ និងនយោបាយ... ព្រមទាំងបានប៉ះពាល់ដល់សេចក្ដីជឿទុកចិត្ត និងទំនុកចិត្តដែលប្រទេសឥណ្ឌាមានលើប្រទេសចិនយ៉ាងខ្លាំង ដែលធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្លាយជាការព្រួយបារម្ភ»។
គួរបញ្ជាក់ថា ប្រទេសចិនមិនទាន់ធ្វើការឆ្លើយតបណាមួយ ជុំវិញការលើកឡើងរបស់ រដ្ឋមន្ត្រីការបរទេសឥណ្ឌាខាងលើនេះឡើយ។ ជម្លោះព្រំដែនយ៉ាងក្តៅគគុករវាងកងទ័ពឥណ្ឌា និងចិន នៅតំបន់ជម្លោះតាមបណ្តោយជួរភ្នំហិម៉ាល័យ បានផ្ទុះឡើងយ៉ាងក្តៅគគុកមិនធ្លាប់មាន នៅក្នុងរយៈពេលជាង ៤០ឆ្នាំ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២០ ដែលកាលណោះឥណ្ឌាបានបញ្ជាក់ថា ទាហានខ្លួនរហូតដល់ ២០នាក់បានស្លាប់ ខណៈចិនវិញក៏បានអះអាងផងដែរថា ទាហានខ្លួនក៏បានស្លាប់ និងរងរបួសផងដែរ ប៉ុន្តែចំនួនជាក់លាក់មិនត្រូវបានប្រកាសឡើយ៕