(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានអនុម័តហើយ លើការប្រកាសដាក់រដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី ក្នុងភាពអាសន្ន រហូតដល់ថ្ងៃទី២៤ ខែមករា ដោយនឹងគ្របដណ្ដប់ទាំងថ្ងៃដែលលោក ចូ បៃដិន ត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែមករានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមាន បានបញ្ជាក់ទៀតថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចថាការប្រកាសដាក់រដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី ក្នុងភាពអាសន្ន នឹងត្រូវចូលជាធរមានពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២៤ ខែមករា។ តាមរយៈការប្រកាសភាពអាសន្ននេះ ក្រសួងសន្តិសុខមាតុភូមិអាមេរិក និងទីភ្នាក់ងារសហព័ន្ធគ្រប់គ្រងភាពអាសន្ន នឹងត្រូវសម្របសម្រួលធនធាននានាជាមួយរដ្ឋ និងអាជ្ញាធរក្នុងតំបន់ ហើយវាបានកើតឡើង ខណៈទីក្រុងវ៉ាស៊ីនតោនកំពុង ព្រួយបារម្ភខ្លាចក្រែង បាតុកម្មប្រដាប់ដោយអាវុធ និងអំពើហិង្សា អាចនឹងផ្ទុះជាថ្មី នៅថ្ងៃលោក បៃដិន ស្បថចូលកាន់តំណែង។
គួរបញ្ជាក់ថា ការប្រកាសដាក់រដ្ឋធានីវ៉ាស៊ីនតោន ក្នុងភាពអាសន្ន ត្រូវបានបញ្ជូនឱ្យលោក ដូណាល់ ត្រាំ ដោយអភិបាលលោកស្រី Muriel Bowser ដែលបានសម្រេចដាក់ ភាពអាសន្នលើរដ្ឋធានីមួយនេះរយៈពេល១៥ថ្ងៃ បន្ទាប់ពីក្រុមកុបករគាំទ្រលោក ត្រាំ អុកឡុកចូលវិមានសភា កាលពីថ្ងៃទី០៦ ខែមករា ដោយបង្កឱ្យមានអំពើហិង្សា និងភាពចលាចល ផ្ដាច់ជីវិតមនុស្ស៥នាក់ ក្នុងនោះរួមមានប៉ូលិសម្នាក់។
ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បានព្រមានទុកជាមុនថា ការផ្ទុះសកម្មភាពតវ៉ាប្រដាប់អាវុធ និងអំពើហិង្សា អាចនឹងកើតមានឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក ចំពោះមុខថ្ងៃស្បថឡើងកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់លោក ចូ បៃដិន៕