(ហ្សាការតា)៖ ក្រុមអ្នកសង្រ្គោះនៅប្រទេសឥណ្ឌូណេស៉ី កំពុងតាមស្វែងរកមនុស្ស ២៦នាក់ ដែលនៅតែបន្តបាត់ខ្លួន ក្រោយគ្រោះបំណាក់ដីចំនួន ០២ បានវាយប្រហារលើភូមិមួយ ស្ថិតក្នុងខេត្តជ្វាខាងលិច (West Java) កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។
មនុស្សយ៉ាងហោចណាស់ ១៣នាក់បានបាត់បង់ជីវិត និង ២៩នាក់ផ្សេងទៀតបានរងរបួស ក្នុងគ្រោះបំណាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង កាលពីអាទិត្យចុងសប្តាហ៍មុននេះ នៅភូមិមួយឈ្មោះថា ស៊ីហានជួង (Cihanjuang) ក្នុងស្រុក ស៊ូមេដាង (Sumedang) ខេត្តជ្វាខាងលិចរបស់ឥណ្ឌូណេស៉ី។ ក្នុងចំណោមជនរងគ្រោះទាំងនោះ ក៏មានក្រុមអ្នកជួយសង្រ្គោះ នៅក្នុងករណីគ្រោះបំណាក់ដីទីមួយផងដែរ។
គួរបញ្ជាក់ថា ដោយសារតែការធ្លាក់ភ្លៀងខ្លាំងមួយរយៈចុងក្រោយនេះ បានបង្កឲ្យមានគ្រោះបំណាក់ដីជាច្រើន ព្រមទាំងការជន់លិចនៅតំបន់មួយផ្នែកធំ នៃប្រទេសឥណ្ឌូណេស៉ី ជាទីដែលមនុស្សរាប់លាននាក់រស់នៅតាមតំបន់ខ្ពស់រាប និងតំបន់ទំនាបដែលនៅជិតៗដងទន្លេ។ កាលពីចុងសប្តាហ៍មុន ឥណ្ឌូណេស៉ីក៏បានជួបឧបទ្ទវហេតុធ្លាក់យន្តហោះដឹកអ្នកដំណើរផ្ទុកមនុស្ស ៦២នាក់ ចូលទៅក្នុងសមុទ្រជ្វាផងដែរ៕